(ប៉ារីស)៖ សេចក្តីរាយការណ៍ក្លិបអ្នកមានបារាំង Paris Saint-Germain បានឲ្យដឹងថា ពួកគេបានកំពុងសំឡឹងមើល ស្ថានភាពទូទៅរបស់កីឡាករ Cristiano Ronaldo បន្ទាប់ពីក្លិបរបស់គេ សេះបង្កង់ Juventus ធ្លាក់ចេញពី UEFA Champions League ដ៏លឿនបំផុតត្រឹមវគ្គ ១៦ក្រុមនារដូវកាលនេះ។

កីឡាករវ័យ ៣៦ឆ្នាំ សញ្ជាតិព័រទុយហ្គាល់ខាងលើនេះ បានទៅចូលរួមជាមួយក្លិបយក្សអ៉ីតាលី Juventus មានរយៈពេល ៣រដូវកាលមកហើយ គិតចាប់តាំងពីឆ្នាំ២០១៨ មក ក្រោយជួយ Real Madrid ឈ្នះយក្សប្រចាំទ្វីបអឺរ៉ុប UCL ៣សម័យកាលចុងក្រោយក្រោយការបង្វឹករបស់លោក Zinedine Zidane។

តែក្នុងរយៈពេល ៣សម័យកាលចុងក្រោយនៅជាមួយ Juventus វិញ Ronaldo ពុំដែលបានលេងវគ្គ ៤ក្រុមនៃពាននេះម្តងណាឡើយ ពោលគឺត្រូវធ្លាក់ក្រោមស្នាដៃរបស់ Ajax, Lyon និង FC Porto ជានិច្ច។

កត្តាទាំងនេះហើយ ទើបបានជា Paris ចង់រកលទ្ធភាពណាមួយ ដើម្បីជះលុយទិញ Cristiano Ronaldo មកលេងជុំគ្នាជាមួយ Neymar និង Kylian Mbappe នៅរដ្ឋធានីបារាំងវិញ ដ្បិតពួកគេ (PSG) ក៏ចង់បាន Lionel Messi របស់ក្លិប FC Barcelona ដែលនឹងផុតកំណត់កិច្ចសន្យានៅទឹកដី Camp Nou នាខែមិថុនាឆ្នាំនេះ៕