(ភ្នំពេញ)៖ ពិធីការិនីផ្នែកកំសាន្តប្រចាំស្ថានីយទូរទស្សន៍ហង្សមាស អ្នកនាង ប៉ែន ស្រីពេជ្រ បានប្រកាសក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា ស្វាមីរបស់ខ្លួន គឺលោក ឆេង ពន្លកនេត្រា ត្រូវបានធ្វើតេស្តវិជ្ជមានចំពោះកូវីដ-១៩ ខណៈរូបនាងផ្ទាល់មិនទាន់ទទួលបានលទ្ធផលពីក្រសួងសុខាភិបាលនោះឡើយ ពោលកំពុងរង់ចាំលទ្ធផល ទាំងអារម្មណ៍ភ័យបុកពោះ។
អ្នកនាង ប៉ែន ស្រីពេជ្រ បានបង្ហោះសារក្នុងបណ្តាញសង្គមនៅព្រឹកនេះថា «ជំរាបសួរបងប្អូនទាំងអស់គ្នា នាងខ្ញុំ ប៉ែន ស្រីពេជ្រ ដែលត្រូវជាភរិយាលោក ឆេង ពន្លក នេត្រា។ នាង ខ្ញុំនិងស្វាមីបានធ្វើតេស្តរកមេរោគ COVID-19 កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២១ ហើយលទ្ធផល គឺស្វាមីរបស់នាងខ្ញុំ មានលទ្ធផល វិជ្ជមាន ហើយបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីធ្វើការព្យាបាលរួចរាល់ដែរ កាលពីយប់មិញនេះ តែដោយឡែករូបនាងខ្ញុំមិនទាន់ទទួលដំណឹងពីលទ្ធផលនៅឡើយនោះទេ នាងខ្ញុំក៏រង់ចាំលទ្ធផលផងដែរ ហើយស្របពេលនេះ នាងខ្ញុំកំពុងតែបន្តការធ្វើរចត្តឡីសក័នៅផ្ទះ១៤ថ្ងៃដើម្បីបន្តតាមដាន។ នាងខ្ញុំនិងស្វាមីសូមអរគុណបងប្អូនដែលសួរសុខទុក្ខរបស់ពួកខ្ញុំ»។
គួរជម្រាបថា នៅក្នុងមជ្ឈដ្ឋានសិល្បៈ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មហាជនបានកត់សម្គាល់ឃើញថា អ្នកសិល្បៈល្បីៗមួយចំនួនបានធ្វើតេស្តវិជ្ជមានកូវីដ១៩ ក្នុងនោះបន្ទាប់ពីពិធីការិនី កែវ ចាន់និមល និងគ្រួសារ, លោក ណុប បាយ៉ារិទ្ធ, កញ្ញា វី ឌីណែត, តារាចម្រៀង អ្នកនាង សុគន្ធ នីសា, និង លោក Eco Vak Song ដែលជាផលិតករ និងជាអ្នកដឹកនាំម្នាក់ របស់ហង្សមាសជាដើម។ តែយ៉ាងណា បណ្តាអ្នកគាំទ្របានជូនពរជាបន្តបន្ទាប់ឲ្យតារាខាងលើឆាប់ជាសះស្បើយឡើងវិញ និងសូមឲ្យសិល្បករផ្សេងទៀត ជៀសផុតពីជំងឺកូវីដ-១៩ ផងដែរ៕