(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នៅព្រឹកថ្ងៃទី១២ ខែមីនានេះ បានបង្ហាញកាលបរិច្ឆេទថ្មី ៣ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិកម្ពុជា ក្នុងការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup Qatar 2022 វគ្គជម្រុះជុំទី២ ពូល C ហើយ បន្ទាប់ពីការប្រកួតនេះ ត្រូវបានលើកពេលជាច្រើនដងដោយបញ្ហាកូវីដ-១៩។

ចំពោះកាលបរិច្ឆេទថ្មីនៃការប្រកួតសេសសល់របស់ក្រុមគោព្រៃកម្ពុជា ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនេះ រួមមាននៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ កម្ពុជា ត្រូវជួបក្រុមជម្រើសជាតិបារ៉ែន ខណៈនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ កម្ពុជា ត្រូវជួបក្រុមជម្រើសជាតិអ៊ីរ៉ាក់ និងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាត្រូវជួបក្រុមជម្រើសជាតិអ៊ីរ៉ង់។ ប៉ុន្ដែទីតាំង និងម៉ោងប្រកួត សហព័ន្ធនឹងបញ្ជាក់តាមក្រោយ បន្ទាប់ពីទទួលបានព័ត៌មានផ្លូវការ។

គួរដឹងថា ការប្រកួតជម្រុះពានរង្វាន់ FIFA World Cup Qatar 2022 ត្រូវបានពន្យារពេលជាង ១ឆ្នាំមកហើយ ខណៈមុនកំណត់កាលបរិច្ឆេទថ្មីប្រកួត នាអំឡុងខែមិថុនា ការប្រកួតនេះគ្រោងពន្យារពេលមកប្រកួត នៅខែមីនា ឆ្នាំ២០២១ នេះ តែដោយសារស្ថានភាពជំងឺកូវីដ-១៩ ក្នុងតំបន់អាស៊ី ក៏ដូចជាពិភពលោក មានការរីករាលដាលកាន់តែខ្លាំងនោះទេ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) ក៏សម្រេចលើកការប្រកួតជាបន្ដបន្ទាប់ រហូតដល់ខែមិថុនាខាងមុខតែម្ដង។

សម្រាប់បេសកកម្មនេះ មុនផ្អាកការប្រកួតបណ្ដោះអាសន្ន ក្រុមគោព្រៃកម្ពុជា បានឆ្លងកាត់ ៥ប្រកួតមកហើយ ដោយទើបរកបាន ១ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីប្រកួតស្មើក្រុមភ្ញៀវហុងកុង ១-១, ចាញ់ក្រុមភ្ញៀវបារ៉ែន ១-០, ចាញ់ក្រុមម្ចាស់ផ្ទះអ៊ីរ៉ង់ ១៤-០, ចាញ់ក្រុមភ្ញៀវអ៊ីរ៉ាក់ ៤-០ និងចុងក្រោយចាញ់ក្រុមហុងកុង ក្នុងជំនួបជើងទី២ ដោយលទ្ធផល ២-០ នៅក្រៅដី។ បច្ចុប្បន្នអ៊ីរ៉ាក់ កំពុងឈរកំពូលតារាងពូល C ដោយរកបាន ១១ពិន្ទុ តាមពីក្រោយដោយបារ៉ែន ដែលរកបាន ៩ពិន្ទុក្នុងដៃ៕