(ភ្នំពេញ)៖ ពិធីការិនីផ្នែកកំសាន្តប្រចាំស្ថានីយទូរទស្សន៍ហង្សមាស អ្នកនាង កែវ ចាន់និមល ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ បានបង្ហោះសាររៀបរាប់ពីស្ថានភាពជំងឺរបស់ខ្លួន និងគ្រួសារ ទៅកាន់បណ្តាអ្នកគាំទ្រ និងមហាជន ដែលតែងតែចង់ដឹងពីសុខទុក្ខរបស់អ្នកនាង ក្នុងការប្រឈមជាមួយជំងឺមួយនេះ។
អ្នកនាង កែវ ចាន់និមល បង្ហោះរូបភាពមួយសន្លឹកជាមួយស្វាមីនិងកូនស្រី ភ្ជាប់ជាមួយសារយ៉ាងដូច្នេះថា «ជំរាបសួរបងប្អូនទាំងអស់គ្នា។ ថ្ងៃនេះស្ថានភាពក្រុមគ្រួសារខ្ញុំរួមទាំងប៉ាម៉ាក់ គឺប្រសើរជាងប៉ុន្មានថ្ងៃមុនច្រើន យើងព្យាយាមញាំទឹកក្តៅ ខ្ពុលទឹកអំបិល ខំញាំនិងសម្រាក ជាពិសេសព្យាយាមហាត់ប្រាណខ្លះទៀតបន្ថែម ជាមួយការញាំថ្នាំទៀងទាត់។ អរគុណក្រុមគ្រូពេទ្យប្រចាំការទាំងអស់ ដែលបានលះបង់កម្លាំងកាយកម្លាំងចិត្ត ក្នុងការយកចិត្តទុកដាក់មើលថែយើងខ្ញ៉ំបានយ៉ាងល្អ។ សូមបងប្អូនថែទាំសុខភាពទាំងអស់គ្នា»។
ពិតណាស់ ចាប់តាំងពីប្រកាសថា ខ្លួននិងគ្រួសារមានជំងឺកូវីដ-១៩ និងត្រូវបានបញ្ចូនទៅសម្រាកព្យាបាល ដោយទទួលបានការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យមក ពិធីការិនីពូកែវោហាស័ព្ទ កែវ ចាន់និមល តែងតែបង្ហាញពីស្ថានភាពរបស់ខ្លួនទៅកាន់មហាជន ជាពិសេសគឺបង្ហាញពីការតាំងចិត្តយ៉ាងមុតមាំក្នុងការប្រយុទ្ធជាមួយជំងឺមួយនេះ។
និយាយរួម គេសង្កេតឃើញថា អ្នកនាង និងគ្រួសារ គឺសុទ្ធតែមានភាពក្លាហានក្នុងការទទួលយកការពិត មិនតក់ស្លុតនោះឡើយ ផ្ទុយទៅវិញមានតែរឹងមាំ និងបានទទួលការព្យាបាលអនុវត្តន៍តាមអ្វីដែលក្រុមគ្រូពេទ្យបានប្រាប់ និងព្យាយាមលំហាត់ប្រាណជាប្រចាំ ដើម្បីឆាប់ជាសះស្បើយឡើងវិញ។ នេះអាចនិយាយបានថា ជាគំរូមួយសម្រាប់ អ្នកជំងឺកូវីដ-១៩ ផ្សេងទៀត កុំមានការភិតភ័យ គឺត្រូវជំនះជាមួយជំងឺនេះឲ្យបានជោគជ័យ៕