(សិង្ហបុរី)៖ ក្រុមហ៊ុន Grab Holdings ត្រូវបានគេរាយការណ៍មកថា បាននិងកំពុងចរចាគ្នាជុំវិញការបោះផ្សាយមូលបត្រជាសាធារណៈលើកដំបូង (IPO) ឬឈានជើងចូលផ្សសរហ៊ុន តាមរយៈការច្របាច់បញ្ចូលគ្នាជាមួយក្រុមហ៊ុនដ៏ធំមួយ តែមិនត្រូវបានប្រកាសឈ្មោះឲ្យដឹង។
យោងតាមសារព័ត៌មាន CNA នៅថ្ងៃទី១២ ខែមីនា បានឱ្យដឹងថា តម្លៃរបស់ក្រុមហ៊ុនយក្ស Grab នឹងកើនឡើងរហូតដល់ជិត ៤០ ពាន់លានដុល្លារអាមេរិក ក្រោយពេលច្របាច់បញ្ចូលគ្នាជាមួយនឹងក្រុមហ៊ុនយក្សមួយនោះ។
បើយោងតាមការចេញផ្សាយរបស់កាសែត Wall Street Journal បានឲ្យថា ក្រុមហ៊ុនផ្ដល់សេវាកម្មដឹកជញ្ជូនរបស់សិង្ហបុរីមួយនេះ ដែលត្រូវបានគេដឹងថា មានក្រុមហ៊ុនយក្សរបស់ជប៉ុន SoftBank ជាខ្នងបង្អែក កំពុងចរចាជាមួយក្រុមហ៊ុនសហរដ្ឋអាមេរិក Altimeter Capital Management ។
ក្រុមហ៊ុន Grab បានរំពឹងទុកថា នឹងប្រមូលបានទុនប្រមាណ ៣ ទៅ ៤ពាន់លានដុល្លារ បន្ថែមទៀតពីអ្នកវិនិយោគទុនឯកជន ខណៈដែលក្រុមហ៊ុន Grab ត្រូវបានគេរាយការណ៍មកថា កំពុងស្វះស្វែងការចុះបញ្ជីក្នុងទីផ្សារភាគហ៊ុននៅសហរដ្ឋអាមេរិក កាលពីដើមឆ្នាំ២០២០។
គួរបញ្ជាក់ដែរថា គិតត្រឹមឆ្នាំ ២០១៩ Grab ទទួលបានប្រាក់ចំណេញសុទ្ធ ២.៣ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកប្រមាណ ៦០០០នាក់នៅវិញពិភពលោក៕