(ក្រុងឡុងដ៍)៖ តាមរយៈជ័យជម្នះ ២-០ ទៅលើក្រុមភ្ញៀវ Dinamo Zagreb វាបានក្លាយជាជ័យជម្នះទី៦ ជាប់ៗគ្នារបស់ Tottenham Hotspur មុនពេលប៉ះកាំភ្លើងធំ Arsenal នៅលីគកំពូលអង់គ្លេស Premier League ថ្ងៃអាទិត្យចុងសប្តាហ៍ នៃជំនួបប្រចាំទីក្រុងឡុងដ៍តែមួយ (Derby)។

ក្រុមរបស់លោក Jose Mourinho បន្តធ្វើបានល្អជាប់ៗ ដោយឈ្នះទាំង ៣ប្រកួតនៅលីគអឺរ៉ុប UEFA Europa League និង ៣ប្រកួតផ្សេងទៀតនៅ Premier League ផងដែរ ដោយពុំទាន់ចាញ់ ឬស្មើប្រកួតណាមួយឡើយគិតចាប់តាំងពីថ្ងៃទី១៩ ខែកុម្ភៈមក។

កីឡាករខ្សែប្រយុទ្ធពាក់លេខ១០ Harry Kane រកបានទាំង ២គ្រាប់ក្នុងប្រកួតជើងទី១ នៃវគ្គ ១៦ក្រុមនៅ Europa League នារាត្រីថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ២០២១ ដែលធ្វើឲ្យក្រុមមាន់ខ្នាយមាសមួយនេះមានសង្ឃឹមច្រើនគួរសម ក្នុងការឈ្នះកៅអីឡើងទៅវគ្គ ៨ក្រុម មុនពេលបញ្ចប់ជើងទី២ នៅទឹកដីក្រូអាតនាថ្ងៃទី១៩ ខែមីនាខាងមុខ។

មុនជំនួបដ៏សំខាន់នោះដែរ Spurs ក៏ត្រូវប៉ះក្រុមធំ Arsenal នៅរាត្រីថ្ងៃអាទិត្យចុងសប្តាហ៍នេះក្នុងការប្រកួតសប្តាហ៍ទី២៨ ជើងទី២ នៅពេលដែលពួកគេបានយកឈ្នះ ២-០ កាលពីជើងទី១ នៅកីឡដ្ឋាន Tottenham៕