(អាមេរិក)៖ មន្ត្រីក្នុងតំបន់បាននិយាយថា រោងភាពយន្តនៅ Los Angeles ដែលជាទីផ្សារភាពយន្តដ៏ធំបំផុតមួយនៅអាមេរិកនោះ អាចនឹងអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ នៅដើមសប្តាហ៍ក្រោយ ពោលគឺអាចនឹងបើកដំណើរការជាលើកដំបូងនៅថ្ងៃច័ន្ទតែម្តង បន្ទាប់ពីបិទរយៈពេលមួយឆ្នាំមកហើយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។

ដំណឹងនេះ ត្រូវបានគេរំពឹងថានឹងជួយជម្រុញដល់អាជីវកម្មភាពយន្តមានដង្ហើមសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីត្រូវបានបិទទ្វារជាងមួយឆ្នាំមកហើយ ដោយសារតែជំងឺរាតត្បាតសាកលកូវីដ-១៩។

នាយកដ្ឋានផ្នែកសុខភាពសាធារណៈនៅ Los Angeles បាននិយាយថា ត្បិតមានសញ្ញាឲ្យបើកដំណើរការរោងភាពយន្តឡើងវិញក្តី ប៉ុន្តែនឹងមានការកំណត់ចំនួនអ្នកចូលទស្សនា ពោលគឺកាត់បន្ថយមកនៅតែ២៥ភាគរយប៉ុណ្ណោះ ក្នុងរោងកុននីមួយៗ ព្រោះនេះជាវិធានការសុខាភិបាល ដើម្បីការពារកូវីដ-១៩។ ទោះយ៉ាងណាក្តី ថ្ងៃខែពិតប្រាកដនៃការបើកដំណើរការឡើងវិញ គឺមិនទាន់បានបញ្ចេញនៅឡើយទេ ត្បិតរង់ចាំមើលពីស្ថានភាពនៃការរីករាលដាលកូវីដ-១៩ នៅតំបន់នៅជាមុនសិន។

គួរជម្រាបថា ទីក្រុង New York ដែលជាទីផ្សារភាពយន្តដ៏ធំទី២ នៅអាមេរិកនោះបានបើកដំណើរការឡើងវិញហើយ នៅថ្ងៃទី៥ ខែមីនា កន្លងទៅថ្មីៗនេះ ជាមួយការកំណត់ចំនួនអ្នកចូលរួមត្រឹមតែ២៥ភាគរយៈប៉ុណ្ណោះ។ គេអាចនិយាយបានថា ត្បិតរោងភាពយន្តនៅអាមេរិក បានចាប់ផ្តើមបើកទ្វារជាបណ្តើរៗក្តី តែទស្សនិកជន ហាក់មិនមានចំណងចំណូលចិត្តទៅទស្សនាដោយផ្ទាល់នោះទេ ដោយបានបង្វែរទៅទស្សនាខ្សែភាពយន្តលើកម្មវិធី Streaming ល្បីៗតាមប្រព័ន្ធអនឡាញវិញ ព្រោះដើម្បីបង្ការពីការឆ្លងកូវីដ-១៩៕