(កូរ៉េ)៖ មិនខុសពីសមាជិកដទៃតារាចម្រៀងប្រុស Suga សមាជិក BTS បានអបអរពិធីខួបកំណើតរបស់គេ ដោយការបរិច្ចាគប្រាក់ចំនួន ៨៨,០០០ដុល្លារអាមេរិក ដល់កុមារមានជំងឺមហារីក ដែលនេះជាទង្វើរចែករំលែកមួយទទួលការកោតសរសើរយ៉ាងខ្លាំងពីទស្សនិកជន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Korea Times នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។

តារាប្រុសប្រចាំផលិតកម្ម Big Hit លោក Suga បានបរិច្ចាគប្រាក់ទៅដល់មជ្ឈមណ្ឌលវិជ្ជសាស្រ្ត Dongsan នៃមហាជនវិទ្យាល័យ Keimyung ដែលស្ថិតក្នុងស្រុកកំណើតរបស់គេ។ សកម្មភាពនេះត្រូវបានធ្វើឡើងក្នុងថ្ងៃខួបកំណើតឈានដល់វ័យ២៨របស់ Suga កាលពីថ្ងៃទី០៩ ខែមីនា ថ្មីៗនេះ។

លោក Suga បាននិយាយថា «ខ្ញុំចង់ជួយដល់កុមារ ដែលមិនមានលទ្ធភាពទទួលបានការព្យាបាលត្រឹមត្រូវ ដោយសារតែខ្វះខាតប្រាក់។ ជាពិសេស ខ្ញុំចង់ឃើញពួកគេក្លាយជាមនុស្សដែលមានសុខភាពល្អឡើងវិញ»

គួរជម្រាបថា នេះមិនមែនជាលើកទីមួយនោះទេ ដែលតារាចម្រៀង Suga បានធ្វើការបរិច្ចាគប្រាក់បែបនេះ ពោលគឺច្រើនលើកច្រើនសារមកហើយ ខណៈឆ្នាំ២០១៩ លោកក៏បានធ្វើការបរិច្ចាគប្រាក់ដើម្បីជួយដល់កុមារមហារីកផងដែរ ហើយនាពេលកន្លងទៅក៏ធ្លាប់បានបរិច្ចាគប្រាក់ចំនួន ១០០លានវ៉ុន ដើម្បីចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩ផងដែរ៕