(មេនឆេស្ទើ)៖ សហប្រធានក្លិបបាល់ទាត់ Manchester United លោក Avram Glazer គ្រោងនឹងលក់ភាគហ៊ុន Class A ចំនួន ៥លានភាគហ៊ុន ដែលអាចមានតម្លៃប្រហែល ១០០លានដុល្លារអាមេរិក។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១។
ភាគហ៊ុនដែលចុះបញ្ជីនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដែលត្រូវបានគ្រប់គ្រងដោយគ្រួសាររបស់លោក American Glazer នេះ មានតម្លៃ ២០.១៣ដុល្លារអាមេរិក ក្នុង១ភាគហ៊ុន។
ភាគហ៊ុននៃក្លិបប្រចាំនៅទីក្រុង Manchester មួយនេះ បានធ្លាក់ចុះ ៧ភាគរយមកនៅត្រឹម ១៨.៨១ដុល្លារអាមេរិក មុនពេលបើកលក់កាលពីថ្ងៃសុក្រម្សិលមិញ។
បន្ទាប់ពីភាគហ៊ុនត្រូវបានប្រកាសលក់ លោក Avram Glazer នឹងមិនមានភាពជាម្ចាស់នៃភាគហ៊ុន Class A ណាមួយនៅក្នុងក្រុមហ៊ុននោះឡើយ ដោយកាត់បន្ថយអំណាចបោះឆ្នោតសរុបរបស់លោកមកនៅត្រឹម ១៣.៣៩ភាគរយ ពី១៦.៨៥ភាគរយវិញ។
លោកនឹងនៅតែជាម្ចាស់ភាគហ៊ុនជាង ១០ភាគរយនៃភាគហ៊ុនដែលនៅសល់នៅក្នុងក្លិប បន្ទាប់ពីការលក់ ប៉ុន្តែភាពជាម្ចាស់រួមបញ្ចូលគ្នា នៃក្រុមហ៊ុនរបស់លោក Glazer នឹងធ្លាក់ចុះពី ៧៨ភាគរយមកនៅត្រឹម ៧៤.៩ភាគរយ៕