(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានប្រកាសប្រទេសដែលត្រូវធ្វើជាទឹកដីកណ្ដាល ដើម្បីបញ្ចប់ការប្រកួតសេសសល់ក្នុងពូល C នៃវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup Qatar 2022 (ជុំទី២) ដែលមានវត្តមានក្រុមជម្រើសជាតិកម្ពុជាចូលរួមជាផ្លូវការហើយ គឺប្រទេសបារ៉ែន ដែលទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ ក្រោយបំពេញលក្ខខណ្ឌរបស់ AFC។ នេះបើយោងតាមការជូនដំណឹងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១។

បន្ទាប់ពីឆ្លងកាត់ការសិក្សាយ៉ាងល្អិតល្អន់ ដោយក្រុមជំនាញការរៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនេះនាអំឡុងវិបត្តិកូវីដ-១៩ AFC បានសម្រេចជ្រើសរើសយកប្រទេសបារ៉ែន ធ្វើជាទឹកដីកណ្ដាល ដើម្បីបញ្ចប់ ៣ប្រកួតសេសសល់ក្នុងពូល C ដ្បិតប្រទេសនាតំបន់មជ្ឈឹមបូព៌ា បានបំពេញលក្ខខណ្ឌមួយចំនួន ដូចជាការមានសណ្ឋាគារលំដាប់ផ្កាយ៥ យ៉ាងតិច៥ នៅជិតកន្លែងស្នាក់នៅរបស់ក្រុមចូលរួម មានទីលានហ្វឹកហាត់គុណភាពខ្ពស់ចំនួន៥ និងមានពហុកីឡដ្ឋានស្ដង់ដារអន្ដរជាតិចំនួន២ ជាដើម។

ចំពោះបេក្ខភាពក្រុមស្ថិតក្នុងពូល C រួមមាន ក្រុមជម្រើសជាតិកម្ពុជា, អ៊ីរ៉ង់, អ៊ីរ៉ាក់, ហុងកុង និងប៉ារ៉ែន ហើយក្រុមនីមួយៗភាគច្រើននៅសល់ ៣ប្រកួតក្នុងដៃ លើកលែងតែក្រុមជម្រើសជាតិអ៊ីរ៉ង់ ដែលនៅសល់ ៤ប្រកួតទៀត។ សម្រាប់ ៣ប្រកួតចុងក្រោយរបស់ក្រុមគោព្រៃកម្ពុជា រួមមានជួបក្រុមជម្រើសជាតិប៉ារ៉ែន នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១, ជួបក្រុមជម្រើសជាតិអ៊ីរ៉ាក់ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ និងចុងក្រោយជួបក្រុមជម្រើសជាតិអ៊ីរ៉ង់ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។

បច្ចុប្បន្នក្រុមជម្រើសជាតិអ៊ីរ៉ាក់ កំពុងឈរកំពូលតារាង បន្ទាប់ពីឆ្លងកាត់ ៥ប្រកួត និងរកបាន ១១ពិន្ទុ តាមពីក្រោយដោយក្រុមជម្រើសជាតិបារ៉ែន ឈរលេខ២ និងមាន ៩ពិន្ទុ ខណៈក្រុមចំណេញ ១ប្រកួតក្នុងដៃ គឺក្រុមជម្រើសជាតិអ៊ីរ៉ង់ ឈរលេខរៀងទី៣ និងមាន ៦ពិន្ទុ។ ចំណែកក្រុមហុងកុង ឈរលេខរៀងទី៤ រកបាន ៥ពិន្ទុ និងក្រុមជម្រើសជាតិកម្ពុជា ឈរលេខ៥ ទើបរកបាន ១ពិន្ទុប៉ុណ្ណោះ។ តែយ៉ាងណាហុងកុង និងកម្ពុជា បានបាត់បង់ឱកាសប្រជែងកៅអីវគ្គបន្ដទៅហើយ។

គួរដឹងថា ការប្រកួតជម្រុះពានរង្វាន់ FIFA World Cup Qatar 2022 ត្រូវបានពន្យារពេលជាង ១ឆ្នាំមកហើយ ខណៈមុនកំណត់កាលបរិច្ឆេទថ្មីប្រកួត នាអំឡុងខែមិថុនា ការប្រកួតនេះក៏ធ្លាប់ពន្យារពេលគ្រោងលើកមកប្រកួតអំឡុងខែមីនា ឆ្នាំ២០២១ នេះ តែដោយសារស្ថានភាពជំងឺកូវីដ-១៩ ក្នុងតំបន់អាស៊ី ក៏ដូចជាពិភពលោក មានការរីករាលដាលកាន់តែខ្លាំងនោះទេ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) ក៏សម្រេចលើកការប្រកួតជាបន្ដបន្ទាប់ រហូតដល់ខែមិថុនាខាងមុខតែម្ដង៕