(អាមេរិក)៖ នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla លោក Elon Musk និងក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ត្រូវបាន ម្ចាស់ភាគ ហ៊ុនប្ដឹង ក្រោមបទចោទប្រកាន់ថា លោក Musk បានរំលោភលើកិច្ចព្រមព្រៀងមួយ កាលពីឆ្នាំ ២០១៨ ដែលចេញដោយ គណៈកម្មការមូលបត្រអាមេរិក (SEC) តាមរយៈការបង្ហោះសាររបស់លោក។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ពាក្យបណ្ដឹងត្រូវបានដាក់នៅល្ងាច ថ្ងៃ ព្រហស្បតិ៍កន្លងទៅនេះ ទៅកាន់តុលាការ Delaware Chancery Court ដោយបានសរសេរថា «ខុសប្រក្រតី» គឺជាពាក្យដែលលោក Musk បានបង្ហោះនៅលើបណ្ដាញសង្គម Twitter រួមទាំងការបង្ហោះសារកាលពីថ្ងៃទី១ ខែឧសភា ថា តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla «ខ្ពស់ពេក» ដែលខុសពីច្បាប់របស់ SEC បានកំណត់ ចំណែកក្រុមប្រឹក្សាភិបាល Tesla គឺរង់ការចោទប្រកាន់ថា មិនបានឃ្លាំងមើល ការ អនុវត្តរបស់លោក Musk ដែលនាំឱ្យប៉ះពាល់ដល់ក្រុមហ៊ុន ជាពិសេសគឺធ្វើឱ្យម្ចាស់ភាគហ៊ុនបានខាតបង់នូវប្រាក់ខ្ទង់ពាន់លានដុល្លារអាមេរិក។

ពាក់ព័ន្ធនឹងពាក្យបណ្ដឹងនេះផងដែរ ខាងសារព័ត៌មាន Reuters បានទាក់ទងទៅកាន់ ក្រុមហ៊ុន Tesla ដើម្បីសូមការបញ្ជាក់ ប៉ុន្តែ ខាងក្រុមហ៊ុន មិនបានឆ្លើយតបឡើយ។

គណៈកម្មការមូលបត្រអាមេរិក (SEC) កាលពីឆ្នាំ ២០១៩ បានបង្គាប់ឱ្យលោក Musk ធ្វើការទូទាត់សំណងដែលលោកបាន បង្ហោះសារកាលពីខែសីហា ឆ្នាំ២០១៨ ដោយបានសរសេរថា លោកកំពុង ពិចារណាដាក់ក្រុមហ៊ុន Tesla ទៅជាក្រុមហ៊ុនឯកជន និង «មូលនិធិធានា» សម្រាប់ប្រតិបត្តិការដែលអាចមានតម្លៃចំនួន ៧២ពាន់លានដុល្លារអាមេរិក។

លោក Musk និងក្រុមហ៊ុន Tesla បានយល់ព្រមបង់ប្រាក់សំណង ប្រមាណ ២០លានដុល្លារ នៅខែបន្ទាប់ ប៉ុន្តែលោកសូមឱ្យមេធាវីរបស់លោក ពិនិត្យសារដែលលោកបានបង្ហោះឡើងវិញ និងសិក្សាអំពីច្បាប់ថាតើលោកបានខុសមែន ឬអត់ ហើយរហូតមកដល់ពេលនេះ លោកនៅ មិនទាន់បង់ប្រាក់សំណងនោះទេ។

ពាក់ព័ន្ធនឹងបណ្ដឹងថ្មីនេះ គេនៅមិនទាន់ដឹងថា ខាងម្ចាស់ភាគហ៊ុន និង SEC ទាមទារឱ្យលោកបង់ប្រាក់សំណងប៉ុន្មាននោះទេ ហើយលោក Musk ផ្ទាល់ ក៏មិនទាន់ចេញមុខបំភ្លឺរឿងនេះផងដែរ៕