(ភ្នំពេញ)៖ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង សុគន្ធ នីសា ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅសណ្ឋាគារ Great Duke (អតីតសណ្ឋាគារអ៊ីនធើខន) នោះ បានបង្ហាញសារដឹងគុណដល់ថ្នាក់ដឹកនាំប្រទេស និងក្រុមគ្រូពេទ្យ ដែលខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។
អ្នកនាង សុគន្ធ នីសា បានបង្ហោះរូបភាពក្រុមគ្រូពេទ្យជាច្រើនសន្លឹក ភ្ជាប់ជាមួយសារយ៉ាងដូច្នេះថា «ចាប់តាំងពីថ្ងៃដែលខ្ញុំ បានមកសម្រាកព្យាបាល ទោះបីជាខ្លួនខ្ញុំមានជំងឺ ប៉ុន្តែយ៉ាងណា ក៏ខ្ញុំអាចមានទីកន្លែងគេង បានស្អាតល្អ និងបានញ៊ាំគ្រប់គ្រាន់ អស់កំលាំងក៏អាចដាក់ខ្លួនគេងលេីគ្រែខ្លួនបានយ៉ាងងាយស្រួល។ ប៉ុន្ដែ ពួកគាត់ពិតជាហត់នឿយដោយមិនមានអ្វីមកថ្លែងឲ្យស្មេីបានឡេីយ មិនបានគេង មិនបានញ៊ាំបានស្រួលនោះទេ ក្នុងកំឡុងពេលដែលព្យាបាលអ្នកជំងឺ តស៊ូលះបង់ ធ្វេីយ៉ាងណា ដេីម្បីមេីលថែពួកខ្ញុំមិនឲ្យ ខ្វះឡេីយ»។
តារាចម្រៀង សុគន្ធ នីសា បានបន្តថា «ពេលដែលពួកគាត់យកថ្នាំនិងម្ហូបមកឲ្យខ្ញុំម្តងណា ខ្ញុំបានមេីលទៅមុខពួកគាត់ គឺឃេីញញេីសហូរឲ្យសស្រាក់ ដកដង្ហេីមហត់ឲ្យគឃូ។ ខ្ញុំនាមនាងខ្ញុំ សុគន្ធ នីសា សូមលេីកដៃសំពះ គោរពអរគុណនូវទឹកចិត្តដ៏ថ្លៃថ្លាដោយស្ម័គ្រចិត្តរបស់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យដែលបានមេីលថែទាំយេីងខ្ញុំ ដោយមិនខ្លាចភាពនឿយហត់»។
ម្ចាស់បទ «មាតាដៃ១០០» រូបនេះ បានបន្ថែមថា «នាងខ្ញុំសូមគោរពអរគុណយ៉ាងជ្រាលជ្រៅ ដល់ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលបានផ្តល់ការព្យាបាលនិងមេីលថែយេីងខ្ញុំទាំងអស់គ្នានេះ គុណបំណាច់ដ៏ធំធេងនេះយេីងខ្ញុំមិនអាចបំភ្លេចបានឡេីយ។ នាងខ្ញុំសូមថ្លែងអំណរគុណដល់លោកពូអភិបាលខណ្ឌ ដែលបានចុះចែកជាអំណោយដល់អ្នកផ្ទះរបស់នាងខ្ញុំផងដែរ។ សូមបួងសួងឲ្យប្រទេសកម្ពុជាយេីង រួចផុតពីជំងឺដ៏កាចសាហាវមួយនេះឲ្យបានឆាប់ៗ»។
គួរជម្រាបថា តារាចម្រៀង សុគន្ធ នីសា ត្បិតខ្លួនមានជំងឺកូវីដ-១៩ ក្តី ប៉ុន្តែតាមរយៈសកម្មភាពប្រចាំថ្ងៃ ដែលនាងបង្ហាញក្នុងបណ្តាញសង្គម គឺសបញ្ជាក់ឲ្យដឹងថា នាងមិនមានការភិតភ័យអ្វីនោះទេ គឺមានតែព្យាយាមជំនះ ដោយសារតស៊ូ និងរឹងមាំ ដើម្បីយកឈ្នះលើជំងឺមួយនេះ។ ងាកមកអ្នកគាំទ្រវិញ គឺនៅតែបន្តជូនពរដល់តារាចម្រៀងរូបនេះ និងសិល្បៈដទៃទៀតឲ្យឆាប់ជាសះស្បើយផងដែរ៕