(ក្រុងឡុងដ៍)៖ Sergio Aguero រកបាន ១គ្រាប់ផងដែរក្នុងជំនួបដែល Manchester City យកឈ្នះម្ចាស់ផ្ទះ Fulham ៣-០ ដែលជារកបានគ្រាប់ទី១ គិតចាប់តាំងពីខែមករា ឆ្នាំ២០២០ ដោយសារបញ្ហាញាំញីដោយរបួស។

១គ្រាប់ចុងក្រោយរបស់កីឡាករអន្តរជាតិអាហ្សង់ទីនខាងលើនេះ នៅពេលដែល City ប្រកួតទល់នឹង Sheffield United នៅ Premier League ដែលមានរយៈពេល ៤១៧ថ្ងៃមកហើយ។

១គ្រាប់របស់ Aguero នៅរាត្រីថ្ងៃសៅរ៍ ទី១៣ ខែមីនា ឆ្នាំ២០២១ ក្នុងជើងទី២ នៃលីគកំពូលអង់គ្លេសកើតឡើងនៅនាទីទី៦០ ដោយបាល់ ១១ម៉ែត្រ ដោយសារខ្សែការពារ Tosin Adarabioyo ធ្វើឲ្យមានកំហុសទៅលើខ្សែប្រយុទ្ធ Ferran Torres ក្នុងប្រអប់គ្រោះថ្នាក់ នៅក្រោយពេលមិត្តរួមក្រុម John Stones នៅនាទី៤៧ ដែលជាការរួមចំណែករបស់ Joao Cancelo និង Gabriel Jesus រកបានគ្រាប់ទី២ នៅនាទី៥៦។

តាមរយៈជ័យជម្នះស្រួលៗក្រៅដីនេះដែរ បានធ្វើឲ្យក្រុមលោក Pep Guardiola បន្តនាំមុខកំពូលតារាង Premier League ដាច់ ១៧ពិន្ទុដោយមាន ៧១ពិន្ទុសរុប នៅពេល Manchester United ឈរនៅលេខ២ មាន ៥៤ពិន្ទុ តែពួកគេ (United) នៅសល់ ២ប្រកួតក្នុងដៃ៕