(លីវើភូល)៖ ក្លិបបាល់ទាត់ Sheffield United បានប្រកាសពីការចាកចេញពីតំណែងរបស់លោក Chris Wilder ក្រោយដឹកនាំក្លិបនេះមានរយៈពេលជិត ៥ឆ្នាំមកនេះ។
Sheffield លេងឈ្នះតែ ៤ប្រកួតប៉ុណ្ណោះក្នុងចំណោម ២៨ប្រកួតនៅ Premier League របស់ពួកគេនារដូវកាលនេះ ដោយរកបានតែ ១៤ពិន្ទុឈរនៅបាតតារាង ស្ថិតក្រោមការបង្វឹករបស់លោក Wilder។
លោក Wilder ដែលជាអតីតកីឡាករខ្សែការពារនៃក្លិបនេះផងនោះ បានចូលដឹកនាំ Sheffield កាលពីខែឧសភា ឆ្នាំ២០១៦ ដែលបានជំនួសកៅអីលោក Yorkshire ដោយបានដឹកនាំពួកគេឡើងមកលេងនៅ Premier League នៅក្នុងឆ្នាំដំបូងនោះដែរ។
មុនពេលចាកចេញពីតំណែងជាផ្លូវការ លោក Wilder បានថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយ BBC ថា «ក្នុងការដឹកនាំក្លិប Sheffield United វាជាដំណើរបេសកកម្មដ៏ពិសេសមួយសម្រាប់ខ្ញុំដែលមិនអាចបំភ្លេចបាន»។
ក្រោយពេលការចាកចេញរបស់បុរសវ័យ ៥៣ឆ្នាំ ថ្នាក់ដឹកនាំ Sheffield ក៏បានប្រកាសពីការតែងតាំងលោក Paul Heckingbottom ដែលជាអ្នកចាត់ការឈុតយុវជន U23 មកដឹកនាំជំនួសរហូតដល់ចប់រដូវកាលនេះដែរ៕