(ពោធិ៍សាត់)៖ វាលវែងគឺជាស្រុកមួយនៃខេត្តពោធិ៍សាត់។ ដោយតភ្ជាប់ពីផ្លូវជាតិលេខ៥ត្រង់ចំណុចបូជនីយដ្ឋានអ្នកតាឃ្លាំងមឿង បើចង់ទៅស្រុកវាលវែងគេត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៥៥ដែលមានប្រវែង១៨២គីឡូម៉ែត្រ ទៅកាន់ថ្មដាព្រំប្រទល់កម្ពុជាថៃ។
តាមដងផ្លូវជាតិលេខ៥៥ពត់ពេនដូចអន្ទង់អាំង បានក្លាយជាគោលដៅទេសចរណ៍មួយដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្ពស់ពីភ្ញៀវជាតិនិងអន្តរជាតិមកពីគ្រប់ទិសទី ដោយបានគយគន់ថតផ្តិតរូបភាពជាលក្ខណៈគ្រួសារអំពីសម្រស់ព្រៃភ្នំធម្មជាតិនៅតាមដងផ្លូវគួបផ្សំទៅនឹងបរិយាកាសបរិសុទ្ធដោយក្តីរីរាយ រួចបន្តដំណើរទៅដល់រមណីយដ្ឋានទឹកធ្លាក់ថ្មដាតូចមានចម្ងាយ៥០គីឡូម៉ែត្រ ពីទីរួមស្រុកវាលវែងនិងមានចម្ងាយ១៥៣គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់ស្ថិតនៅក្នុងភូមិឯកភាពឃុំថ្មដា។
ស្រុកវាលវែងគឺជាខ្សែផ្លូវនៃសរសៃឈាមសេដ្ឋកិច្ចជាតិដ៏មានសក្ដានុពលរបស់កម្ពុជា ដែលនឹងជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍រវាងខេត្តពោធិ៍សាត់ ខេត្តបាត់ដំបងនិងខេត្តកោះកុង ក៏ដូចជាការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស និងជាមួយតំបន់សំដៅរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃការដោះដូរពាណិជ្ជកម្មវិនិយោគដំណាំកសិផលកសិ-ឧស្សាហកម្ម និងទេសចរណ៍បានឆាប់រហ័សនិងចំណាយតិច។ ជាពិសេសជាមួយប្រទេសជិតខាងតាមរយៈច្រកទ្វារព្រំដែនកម្ពុជា-ថៃ នៅថ្មដាខេត្តពោធិ៍សាត់នៅចាំយាមខេត្តកោះកុងនិងកំពង់ផែសមុទ្រទឹកជ្រៅនៅខេត្តព្រះសីហនុ និងខេត្តកោះកុង។
ឥលូវនេះនៅស្រុកវាលវែងសេវាកម្មធនាគារអេស៉ីលីដា បានមានវត្តមាននៅទីនេះដើម្បីបម្រើដល់ប្រជាពលរដ្ឋ។ ពេលមកដល់ស្រុកវាលវែងគេនឹងឃើញបន្ទប់ដ៏ធំមួយដែលបំពាក់ដោយប្រព័ន្ធសុវត្ថិភាពម៉ាស៉ីនATMនិងVTMជាច្រើនគ្រឿង សម្រាប់ដកប្រាក់ដាក់ប្រាក់បើកគណនីបម្រើអតិថិជននៅទីនោះ។ នោះគឺជាទីតាំងសាខាថ្មីរបស់ធនាគារអេស៉ីលីដា ដែលស្ថិតនៅតាមផ្លូវជាតិលេខ៥៥ ភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោកស្រីសុខសោភានាយិកាទីផ្សារបានឲ្យដឹងថា ការបង្កើតឱ្យមានទីកន្លែងប្រើសេវាកម្មធនាគារស្វ័យប្រវត្តិ(Banking SelfService) គឺដើម្បីសម្រួលនិងបំពេញតម្រូវការអតិថិជនដែលលោកតែងតែឆ្លងកាត់ទៅលេងស្រុកវាលវែង ដែលជាស្រុកមួយសម្បូរធនធានធម្មជាតិ មានទេសភាពល្អត្រកាលនារដូវរំហើយ ហើយក៏ជាស្រុកដែលមានសក្តានុពលសេដ្ឋកិច្ចផងដែរនោះ ងាយស្រួលក្នុងការប្រើប្រាស់សេវាកម្មធនាគារដែលលោកមានតម្រូវការភ្លាមៗ ដោយមិនចាំបាច់ធ្វើដំណើរមកក្រុងទើបប្រើបាននោះទេ។ ការដាក់បម្រើសេវាកម្មធនាគារស្វ័យប្រវត្តិនេះអតិថិជនអាចធ្វើដោយខ្លួនឯងបាន២៤ម៉ោងលើ២៤ម៉ោង តាមតម្រូវការដូចជាការដាក់ប្រាក់ផ្ទេរប្រាក់ ឬបើកគណនីជាដើម។
សេវាកម្មធនាគារស្វ័យប្រវត្តិលោកអ្នកអាចបើកគណនី និងបោះពុម្ពប័ណ្ណអេស៉ីលីដា, ដាក់-ដកប្រាក់ចំនួនច្រើន, បើកគណនីមានកាលកំណត់ និងបោះពុម្ពវិញ្ញាបនបត្រ, ធ្វើប្រតិបត្តិការតាមប្រព័ន្ធអេស៉ីលីដាអ៉ីនធើណែត និងសេវាផ្សេងៗជាច្រើនទៀត៕