(ភ្នំពេញ)៖ ការជួលអចលនវត្ថុ បានជួយសម្រួលដល់ការរស់នៅជាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលអាចស្តែងឡើងតាមរយៈការជួលដី ជួលផ្ទះសម្រាប់ស្នាក់នៅ ឬការជួលទីតាំងសម្រាប់ប្រើប្រាស់ និងអាស្រ័យផលជាដើម ហើយជាទូទៅប្រតិបត្តិការជួលនេះ គឺស្ថិតក្រោមទម្រង់ជាភតិសន្យាអចលនវត្ថុ ដែលត្រូវបានបង្កើតឡើងដោយមានរយៈពេលមិនលើសពី ១៥ (ដប់ប្រាំ) ឆ្នាំឡើយ។ ប៉ុន្តែដើម្បីឆ្លើយតបចំពោះការវិនិយោគ ដូចជាដំណើរការសហគ្រាសពាណិជ្ជកម្មផ្សេងៗ ឬសាងសង់អគារធំៗ ឬសាងសង់ផ្ទះល្វែងដើម្បីលក់ ច្បាប់បានបង្កើតឱ្យមានសិទ្ធិជួលអចិន្ត្រៃយ៍ ដែលមានរយៈពេលចាប់ពី ១៥ (ដប់ប្រាំ) ឆ្នាំឡើងទៅ។
តើសិទ្ធិជួលអចិន្រ្តៃយ៍បានផ្តល់អត្ថប្រយោជន៍អ្វីខ្លះ? កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News ក្រោមកិច្ចសហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ នឹងធ្វើការបង្ហាញជូនបងប្អូន ប្រជាពលរដ្ឋ សិស្សនិស្សិតដូចខាងក្រោម៖
យោងតាមមាត្រា២៤៤ នៃក្រមរដ្ឋប្បវេណីបានបញ្ញត្តិថា «សិទ្ធិជួលអចិន្ត្រៃយ៍ សំដៅទៅលើសិទ្ធិជួលអចលនវត្ថុរយៈពេលវែងចាប់ពី ១៥ (ដប់ប្រាំ) ឡើងទៅ»។
ការបង្កើតសិទ្ធិជួលអចិន្ត្រៃយ៍ ត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរ បើពុំបានធ្វើជាលាយលក្ខណ៍អក្សរទេ ត្រូវចាត់ទុកជាភតិសន្យាដែលមិនកំណត់អំឡុងពេល ហើយអាចត្រូវបានរំលាយដោយភាគីម្ខាងនៅពេលណាក៏បាន ( ០៣ ខែ ចំពោះអគារ និង០១ ឆ្នាំ ចំពោះ ដីធ្លី បានកន្លងហួសគិតចាប់ពីពេលស្នើសុំឱ្យរំលាយ)។ អំទ្បុងពេលដែលសិទ្ធិជួលអចិន្ត្រៃយ៍មានអត្ថិភាព មិនអាចលើសពី ៥០ (ហាសិប) ឆ្នាំបានឡើយ ប្រសិនបើបានបង្កើតសិទ្ធិជួលអចិន្រ្តយ៍ដែលមានអំទ្បុងពេលលើស ៥០ (ហាសិប) ឆ្នាំ ត្រូវបន្ថយមកត្រឹម ៥០ (ហាសិប) ឆ្នាំ។ សិទ្ធិជួលអចិន្រ្តៃយ៍ អាចបន្តសាជាថ្មីបាន ប៉ុន្តែអំទ្បុងពេលនេះមិនអាចលើសពី ៥០ (ហាសិប) ឆ្នាំឡើយ គិតចាប់ពីថ្ងៃដែលបានបន្តសាជាថ្មី។
លក្ខខណ្ឌតតាំងនៃសិទ្ធិជួលអចិន្ត្រៃយ៍ គឺជាការចុះបញ្ជីនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ដោយអ្នកជួលអចិន្រ្តៃយ៍ អាចយកមកតតាំងនឹងអនុប្បទានិកនៃកម្មសិទ្ធិដី ដែលជាកម្មវត្ថុនៃសិទ្ធិជួលអចិន្រ្តៃយ៍បាន ទោះបីជាកម្មសិទ្ធិលើដីនោះត្រូវបានធ្វើអនុប្បទានក៏ដោយ។ ចំពោះសិទ្ធិជួលអចិន្ត្រៃយ៍ ដែលមិនបានចុះបញ្ជី អាចតតំាងចំពោះជនដែលបានធ្វើលទ្ធកម្មលើអចលនវត្ថុនោះបាន លុះត្រាតែអ្នកជួលអចិន្ត្រៃយ៍ បានទទួលការកាន់កាប់លើអចលនវត្ថុដោយត្រឹមត្រូវតាមច្បាប់ ព្រមទាំងមានការប្រើប្រាស់ និងអាស្រ័យផលលើអចលនវត្ថុនោះជាបន្តបន្ទាប់ ដែលការតតាំងនេះទៀតសោត គឺអាចប្រើប្រាស់បានត្រឹមគ្រប់អំឡុងពេល ១៥ (ដប់ប្រាំ) ឆ្នាំ។
* សិទ្ធិ និងកាតព្វកិច្ចរបស់អ្នកឱ្យជួលអចិន្ត្រៃយ៍៖ សិទ្ធិទទួលបានថ្លៃឈ្នួលតាមពេលវេលាដែលបានកំណត់ ឬបង់នៅរាល់ដំណាច់ឆ្នាំ ក្នុងករណីដែលមិនបានកំណត់ ឬបង់នៅក្រោយរដូវប្រមូលផល។ សិទ្ធិទាមទារតម្លើងថ្លៃឈ្នួល ដែលសិទ្ធិនេះអាចទាមទារតាមផ្លូវតុលាការឱ្យតម្លើងថ្លៃឈ្នួល ក្នុងករណីថ្លៃឈ្នួលមិនសមរម្យដោយយោងតាមស្ថានភាពរីកចម្រើនផ្នែកសេដ្ឋកិច្ចជាក់ស្តែង និងមានសិទ្ធិរំលាយសិទ្ធិជួលអចិន្រ្តៃយ៍ ក្នុងករណីអ្នកជួលអចិន្ត្រៃយ៍មិនបានបង់ថ្លៃឈ្នួលក្នុងកំឡុងពេល ០៣ឆ្នាំ។ អ្នកឱ្យជួលអចិន្ត្រៃយ៍ មានកាតព្វកិច្ចជួសជុលជាចាំបាច់រលើការកែលកម្អ ឬសំណង់ជាអាទិ៍ និងមិនរាំងស្ទះក្នុងការប្រើប្រាស់ និងអាស្រ័យផលលើអចលនវត្ថុរបស់អ្នកជួលអចិន្រ្តៃយ៍ និងកាតព្វកិច្ចទទួលបន្ទុកចំណាយចំាបាច់ (សោហ៊ុយចំណាយដើម្បីកែលម្អ ចំណាយផ្សេងទៀតដើម្បីបង្កើនតម្លៃអចលនវត្ថុ) ។
* សិទ្ធិ និងកាតព្វកិច្ចរបស់អ្នកជួលអចិន្ត្រៃយ៍៖ សិទ្ធិទាមទារឱ្យបញ្ចុះថ្លៃឈ្នួល ដែលអាចទាមទារតាមផ្លូវតុលាការឱ្យបញ្ចុះថ្លៃឈ្នួល ក្នុងករណីតម្លៃមិនសមរម្យដោយយោងតាមស្ថានភាពផ្សេងៗ។ សិទ្ធិធ្វើអនុប្បទាន ឬចាត់ចែងផ្សេងទៀត (អាចយកទៅជួលបន្ត ដាក់ធានាបំណុល ជាកម្មវត្ថុនៃសន្តតិកម្ម) សិទ្ធិទាមទារដោយផ្អែកលើសិទ្ធិប្រត្យក្ស (សិទ្ធិដូចដែលកម្មសិទ្ធិករមាន) សិទ្ធិរំលាយសិទ្ធិជួលអចិន្ត្រៃយ៍ ក្នុងករណីមិនទទួលបានចំណេញសោះពីអចលនវត្ថុក្នុងអំឡុងពេល ០៣ ឆ្នាំ ដោយសារស្ថានភាពដែលមិនអាចព្យាករទុកជាមុនបាន ឬដោយសារប្រធានសក្តិ ឬក្នុងករណីដែលប្រាក់ចំណេញប្រចាំឆ្នាំ ដែលនឹងបានមកពីអចលនវត្ថុនៅពេលអនាគត ពុំមានលទ្ធភាពអាចលើសថ្លៃឈ្នួលសម្រាប់មួយឆ្នាំបាន ដោយសារការខូចខាតផ្នែកណាមួយនៃអចលនវត្ថុនោះ។ អ្នកជួលអចិន្ត្រៃយ៍មានកាតព្វកិច្ចបង់ថ្លៃឈ្នួលឱ្យទាន់ពេលវេលាកំណត់ ថែរក្សាអចលនវត្ថុ ដោយត្រូវប្រើប្រាស់ និងអាស្រ័យផលលើអចលនវត្ថុក្នុងនាមជាអ្នកគ្រប់គ្រប់ដោយសុចរិត ។
* ការបញ្ចប់សិទ្ធិជួលអចិន្រ្តៃយ៍ៈ៖ នៅពេលបញ្ចប់ការជួលអចិន្ត្រៃយ៍ អ្នកឱ្យជួលអចិន្ត្រៃយ៍ មិនអាចទាមទារឱ្យអ្នកជួលអចិន្ត្រៃយ៍ធ្វើបដិទានចំពោះអចលនវត្ថុ (ធ្វើឱ្យទៅស្ថានភាពដើម) វិញបានឡើយ លើកលែងតែក្នុងករណីដែលអ្នកជួលអចិន្ត្រៃយ៍បានបំផ្លាញ ឬបំប្លែងនូវទ្រង់ទា្រយដើមរបស់អចលនវត្ថុនោះ ទើបអ្នកឱ្យជួលអចិន្ត្រៃយ៍មានសិទ្ធិទាមទារឱ្យធ្វើការបដិទានឡើងវិញបាន។ លើសពីនេះទៅទៀតចំពោះ សំណង់ ឬការ្យកែលម្អ ជាអាទិ៍ ដែលអ្នកជួលអចិន្ត្រៃយ៍បានសាងសង់ ឬកែលម្អ គឺត្រូវបានក្លាយជាកម្មសិទ្ធិរបស់អ្នកឱ្យជួលអចិន្ត្រៃយ៍ ប៉ុន្តែបើទោះបីជាច្បាប់បានកំណត់បែបនេះក៏ដោយ ក៏ភាគីនៃសិទ្ធិជួលអចិន្ត្រៃយ៍ អាចធ្វើការសន្យាពិសេសផ្សេងពីការកំណត់ខាងលើនេះ ប៉ុន្តែការសន្យាពិសេសនោះ ត្រូវធ្វើការចុះបញ្ជីទើបអាចតតំាងចំពោះតតិយជនបាន។
សរុបសេចក្តីមកសិទ្ធិជួលអចិន្ត្រៃយ៍ គឺសិទ្ធិមួយដែលអនុញ្ញាត និងផ្តល់អត្ថប្រយោជន៍ឱ្យអ្នកជួលអចិន្រ្តៃយ៍អាចប្រើប្រាស់ និងអាស្រ័យផលលើអចលនវត្ថុក្នុងរយៈពេលវែង ដោយសិទ្ធិជួលអចិន្រ្តៃយ៍បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិឆ្ពោះទៅកាន់អនាគតដ៏រីកចម្រើន តាមរយៈការសាងសង់សហគ្រាសពាណិជ្ជកម្ម (រោងចក្រ) ការសាងសង់អគារសហកម្មសិទ្ធិ (ខុនដូ) ការសាងសង់ផ្ទះល្វែង និងសំណង់អគារផ្សេងៗជាច្រើនទៀត ដែលសុទ្ធសឹងតែជួយលើកកម្ពស់ដល់វិស័យសេដ្ឋកិច្ចជាតិ និងជាកត្តារួមចំណែកដែលប្រទេសជាតិពុំអាចខ្វះបានផងដែរ៕
រៀបរៀងដោយ៖ លោកមេធាវី ម៉េង វណ្ណី និងលោក ប៉ូល គីមសេង ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅ អគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិឧញ៉ាវាំង (អតីតភូមិបាយ៉ាប) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៉ីម៉ែល [email protected] គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group.