(ភ្នំពេញ)៖ តារាចម្រៀង និងជាតារាសម្តែង អ្នកនាងព្រីម មន្ថា ដែលបានលេចមុខមាត់ និងមានកេរ្តិ៍ឈ្មោះចាប់ពីដើមឆ្នាំ២០០០ ហាក់បាត់មុខមួយរយៈធំ តែនៅដើមឆ្នាំ២០២១នេះ អ្នកនាងព្រីម មន្ថា ហាក់បានបង្ហាញមុខលើកញ្ចក់ទូរទស្សន៍ស្ទើរគ្រប់ប៉ុស្តិ៍ក្នុងតួសម្តែង ជាតួម្តាយនិងបងស្រី ជាច្រើនរឿងជាបន្តបន្ទាប់ ជាពិសេសក៏មានវត្តមានក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក់តារា» ផងដែរ។

តាមរយៈការឡើងធ្វើជាតារាកិត្តិយសក្នុងកម្មវិធី «កម្មវិធី អាថ៌កំបាំងក្រៅឆាក់តារា» របស់ទូរទស្សន៍ Fresh News អ្នកនាង ព្រីម មន្ថា ត្រូវបានបណ្តាអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង ពេលពិធីករ-ពិធីការិនី សាកសួរពីរឿងរ៉ាវគ្រួសារ។ អ្នកនាង ស្រាប់តែដាច់ចិត្តទម្លាយ អាថ៌កំបាំងគ្រួសារ ដោយពោលថា ក្រោយរៀបការរួចនិងមានកូន ហើយក៏ចែកផ្លូវជាមួយស្វាមី ខណៈនាងជាអ្នកចិញ្ចឹមបីបាច់កូនតែម្នាក់ឯងគត់ ពោលគឺមានការជួយផ្តល់អាហារកិច្ចពីអតីតស្វាមីតិចតួចប៉ុណ្ណោះ។

តារាសម្តែង ព្រីម មន្ថា បាននិយាយថា «ខ្ញុំខកខានចូលសិល្បៈជាង៧ឆ្នាំ ក្រោយពីមានស្វាមី ប៉ុន្តែមួយរយៈចុងក្រោយនេះ ពេលបែកបាក់ពីស្វាមីដាច់ស្រេចក៏ត្រឡប់មកសិល្បៈឡើងវិញ។ តាមពិតទៅមិនមែនថាចង់មកចាប់អាជីពសិល្បៈវិញទេ គ្រាន់តែថាចោលមិនបាន ព្រោះនេះជាការងារដែលយើងស្រឡាញ់»

ឆ្លើយតបនឹងការសាកសួរពីសំណាក់ពិធីករ-ពិធីការិនី អ្នកនាង ព្រីម មន្ថា បានបន្ថែមថា «ក្រោយបែកបាក់គ្នាពីស្វាមី បន្សល់ទុក្ខកូនប្រុសម្នាក់ ដែលបច្ចុប្បន្នមានអាយុ១៦ឆ្នាំហើយ ដោយកំពុងសិក្សាថ្នាក់ទី៨នៅសាលាឯកជនមួយក្នុងរាជធានីភ្នំពេញ»

ត្បិតថារឿងរ៉ាវគ្រួសារ ជារឿងឯកជនក្តី តែតារាសម្តែង ព្រីម មន្ថា មិនខ្លាចក្នុងការទម្លាយអាថ៌កំបាំងនេះទៅកាន់មហាជន ដែលជាអ្នកគាំទ្រអ្នកនាងឡើយ។ តាមរយៈលេចមុខក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» តារាស្រីរូបនេះបើកកកាយគ្មានសល់ ខណៈមូលហេតុដែលបែកបាក់ជាមួយក្រុមគ្រួសារ ត្រូវបានឲ្យដឹងថា «ដោយសារតែមិនមានភាពចុះសម្រុងគ្នា បងបែកបាក់គ្នាតាំងពីកូនបងអាយុ២ខួប។ ក្រោយបែកបាក់កូនប្រុសជាបន្ទុករបស់ខ្ញុំ ហើយការផ្តល់អាហារកិច្ចពីខាងឪពុក គឺតិចតួច»

ដើរតួនាទីក្នុងគ្រួសារជាប្រុសផងស្រីផង តារារូបនេះបានឆ្លងការរឿងលំបាកជាច្រើនក្នុងនាមជាស្ត្រី ដែលពេលខ្លះធ្វើឲ្យ ព្រីម មន្ថា គិតថាអាសូវខ្លួនឯង មានរូបរាងសមរម្យនឹងគេដែរ ហេតុអ្វីជួបរឿងអភ័ព្វបែបនេះ រហូតមានភាពខ្លាចរអារនឹងការទទួលយកចំណងស្នេហាថ្មីបន្តទៀត។ ត្បិតថា បច្ចុប្បន្នក៏មានអ្នកចាប់ចិត្តស្រឡាញ់ចង់បានអ្នកនាងជាគូស្នេហាដែរ ហើយភាគច្រើនសុទ្ធតែកំលោះទៀតផង តែត្រូវបានតារាសម្តែងរូបនេះបដិសេធ ដោយអះអាងថា មិនទាន់គិតគូររឿងទទួលអ្នកថ្មីនោះទេ ព្រោះចង់នៅម្នាក់ឯងសិន ហើយមនុស្សប្រុសដែលអ្នកនាងចង់បាន គឺមនុស្សនឹងចេះទទួលខុសត្រូវ មានភាពរួសរាយ ជួយយកអាសាអ្នកជុំវិញខ្លួន ចេះគោរពចេះស្រឡាញ់។

គួរជម្រាបថា អ្នកនាង ព្រីម មន្ថា គឺជាតារាសម្តែង និងជាតារាចម្រៀងមួយរូប ដែលមានកេរ្តិ៍ឈ្មោះគួរសមនៅក្នុងពិភពសិល្បៈ។ បច្ចុប្បន្នក្រោយពីប្រកាសចូលប្រឡូកក្នុងវិថីសិល្បៈឡើងវីញ អ្នកនាងត្រូវបានផលិតករជាច្រើន ទាក់ទងឲ្យសម្តែង ខណៈភាគច្រើនបានតំណែងជាតួម្តាយ និងបងស្រី៕