(ភ្នំពេញ)៖ តារាចម្រៀងប្រចាំផលិតកម្ម រស្មីហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះ បានថ្លែងសារបញ្ជាក់ថា អ្នកនាង និងក្រុមគ្រួសារ មានសុខភាពល្អជាធម្មតា អំឡុងពេលធ្វើចត្តាឡីស័ក។
តាមរយៈ Facebook ផ្លូវការ, អ្នកនាង ឱក សុគន្ធកញ្ញា បានញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងរយៈពេលកំពុងរក្សាគម្លាត ដាក់ខ្លួនឲ្យនៅដាច់ដោយឡែក តាមដានពីអាការ: ក៏មានមិត្តភក្តិ បងប្អូន និងអ្នកគាំទ្រជាច្រើន ចង់ដឹងពីសុខទុក្ខរបស់នាងខ្ញុំ និងក្រុមគ្រួសារ ដូច្នេះហើយ នាងខ្ញុំសូមជូនដំណឹងថា សុខភាពរបស់នាងខ្ញុំ និងក្រុមគ្រួសារ មិនមានអ្វីប្រែប្រួលគួរឲ្យកត់សម្គាល់នោះទេ គឺនៅតែមានសុខភាពល្អធម្មតា។ ពួកយើងនៅតែរង់ចាំការធ្វើតេស្តជាលើកទីពីរ ម្ដងទៀតដើម្បីឲ្យច្បាស់»។
តារាងចម្រៀងដ៏មានប្រជាប្រិយភាពរូបនេះ ថែមទាំងបានថ្លែងសារ អរគុណចំពោះការស្រឡាញ់ និងព្រួយបារម្ភ អំពីមិត្តភក្តិ បងប្អូន និងអ្នកគាំទ្រ។ អ្នកនាង ក៏បានជូនពរមិត្តភក្តិ បងប្អូន និងអ្នកគាំទ្រ ឲ្យមានសំណាងល្អ ជោគជ័យ និងឈ្នះជំងឺដ៏កាចសាហាវនេះផងដែរ។
សូមជម្រាបដែរថា កម្ពុជាកំពុងជួបប្រទះការឆ្លងជំងឺកូវីដ១៩ យ៉ាងធ្ងន់ធ្ងរមិនធ្លាប់មាន គឺជាព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលធ្វើឲ្យមានអ្នកឆ្លងជាបន្តបន្ទាប់ មិនទាន់មានភាពធូរស្រាលនៅឡើយ។ គិតត្រឹមព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៣០៥នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៦៤៧នាក់, អ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៦៥៦នាក់, ស្លាប់ដោយសារកូវីដ១៩ ម្នាក់ និងម្នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ ពេលកំពុងទទួលការព្យាបាល៕