(មេនឆេស្ទើ)៖ ការធ្វេសប្រហែសចូលទីខ្លួន (own goal) របស់កីឡាករខ្សែការពារ Craig Dawson នៅនាទី៥៣ បានធ្វើឲ្យ Manchester United យកឈ្នះក្រុមញញួរធំ West Ham United ក្នុងលទ្ធផល ១-០ នៅទឹកដី Old Trafford នារាត្រីថ្ងៃអាទិត្យ ទី១៤ ខែមីនា ឆ្នាំ២០២១។
នេះជាគ្រាប់បាល់ចូលទីខ្លួនឯងលើកទី២ របស់ Dawson នៅ Premier League រដូវកាលនេះ ដ្បិត West Ham បានកំពុងឈរនៅលេខរៀងទី៥ ជាបណ្តោះអាសន្ន ក្រោយឆ្លងកាត់ ២៨ប្រកួត ដោយមាន ៤៨ពិន្ទុផងដែរ។
ចំណែកឯបិសាចក្រហម Man Utd វិញ បន្តដេញតាមពីក្រោយក្រុមកំពូលតារាង Manchester City មកនៅត្រឹម ១៤ពិន្ទុវិញគិតសប្តាហ៍ទី២៩ ជើងទី២ ក្នុងនាមជាក្រុមលេខ២ ដែលមាន ៥៧ពិន្ទុ។
គិតមកទល់នឹងពេលនេះផងដែរ ក្រុមរបស់លោក Ole Gunnar Solskjaer ទើបតែបរាជ័យ ១ដងគត់ក្នុងចំណោម ២៣ប្រកួតចុងក្រោយនេះក្នុងព្រឹត្តិការណ៍លីគកំពូលអង់គ្លេស ក្រៅពីឈ្នះ ១៤ដង និងស្មើ ៨ដង និងមាន ៩ពិន្ទុនៅពីលើក្រុម West Ham របស់លោក David Moyes ផងដែរ៕