(អាមេរិក)៖ គណៈកម្មការទូរគមនាគមន៍សហព័ន្ធអាមេរិក (FCC) បានកំណត់មុខសញ្ញាក្រុមហ៊ុនទូរគមនាគមន៍ចិន ចំនួន ៥ ជា «ការគំរាមកំហែងដល់សន្តិសុខជាតិ» កាលពីឆ្នាំ២០២០ ដោយក្នុងនោះ រួមមាន ក្រុមហ៊ុន Huawei Technologies និងក្រុមហ៊ុន ZTE Corp ផងដែរ។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៣ មីនា ឆ្នាំ២០២១។
គណៈកម្មការទូរគមនាគមន៍សហព័ន្ធ បាននិយាយថា ផលិតផល និងសេវាកម្មទូរគមនាគមន៍ដែលផ្តល់ដោយក្រុមហ៊ុនចិន Huawei Technologies Co, ZTE Corp, Hytera Communications Corp, Hangzhou Hikvision Digital Technology Co និង Zhejiang Dahua Technology Co. បានបង្ក «ហានិភ័យដែលមិនអាចទទួលយកបានចំពោះសន្តិសុខជាតិ និងសុវត្ថិភាពរបស់ពលរដ្ឋអាមេរិក» ដូច្នេះហើយរដ្ឋាភិបាលសម្រេចដាក់ក្រុមហ៊ុនទាំងនេះចូលក្នុងបញ្ជីខ្មៅ។
សហរដ្ឋអាមេរិក បានអនុម័តច្បាប់ ស្តីពីបណ្ដាញទូរគមនាគមន៍ដែលមានសុវត្ថិភាព និងគួរឱ្យជឿទុកបាន កាលពីឆ្នាំ២០១៩ ដោយនៅឆ្នាំ២០២០ FCC ចាប់ផ្ដើមធ្វើការអនុវត្តន៍ច្បាប់នោះ និងបានកំណត់មុខសញ្ញា ទៅលើក្រុមហ៊ុនចិន រហូតដល់សម្រេច ដាក់ ក្រុមហ៊ុន ទាំងនោះចូលក្នុងបញ្ជីខ្មៅ។
នៅក្នុងឆ្នាំ២០២០ រដ្ឋាភិបាលអាមេរិក បានចេញបញ្ជាឈប់ឱ្យទិញ និងប្រើប្រាស់ឧបករណ៍របស់ក្រុមហ៊ុន Huawei និងក្រុមហ៊ុន ZTE ដោយរដ្ឋាភិបាលបានបញ្ចេញកញ្ចប់ថវិកាឧបត្ថម្ភចំនួន ៨.៣ពាន់លានដុល្លារ ក្នុងនោះភាគច្រើនគឺផ្ដោតសំខាន់ទៅលើ បច្ចេកវិទ្យា 5G របស់ក្រុមហ៊ុនចិន៕