(តូរីន)៖ Cristiano Ronaldo ធ្វើបានហែតទ្រីក (៣គ្រាប់) ក្នុងជំនួបរវាងក្រុមភ្ញៀវ Juventus បានបំបាក់ក្រុមម្ចាស់ផ្ទះ Cagliari ៣-១ ក្នុងលីគ Serie A រដូវកាលនេះ ដែលនេះជាការរកបានគ្រាប់បាល់គិតត្រឹមរយៈពេល ៣២នាទីរបស់ខ្សែប្រយុទ្ធព័រទុយហ្គាល់ខាងលើ និងរកបាន ៧៧០គ្រាប់ក្នុងអាជីពបាល់ទាត់ដែលធ្វើឲ្យ Juventus រកបានជ័យជម្នះមកវិញ ក្រោយជ្រុះចេញពី UEFA Champions League កាលពីសប្តាហ៍មុន។
ត្រឹមរយៈពេល ៣២នាទីក្នុងការបាន ៣គ្រាប់ម្នាក់ឯងនេះបានក្លាយជាកំណត់ត្រាថ្មីមួយទៀតដែលធ្វើបានដោយ Cristiano Ronaldo វ័យ ៣៦ឆ្នាំជាមួយក្រុមអ៉ីតាលី Juventus ខណៈរដូវកាលនេះរូបគេរកបាន ២៣គ្រាប់ច្រើនជាងគេ ដែលអាចឈានទៅការពារពានរង្វាន់ឈ្នះស្បែកជើងមាសប្រចាំរដូវកាល ២០២០-២០២១ គ្រាដែលគិតត្រឹមពេលនេះរូបគេធ្វើបាន ៥៧លើកហើយនៃការស៊ុតបាន ៣គ្រាប់ក្នុង ១ប្រកួត។
ក្លិបរហស្សនាមសេះបង្កង់ Juventus បច្ចុបុ្បន្នរកបាន ៥៥ពិន្ទុដែលកំពុងឈរនៅលេខរៀងទី៣ ក្នុងតំណែងកំពូលតារាងលីគ Serie A ដែលចាញ់ពិន្ទុក្រុមឈរលេខរៀងទី១ Inter Milan ១០ពិន្ទុ និងមាន ១ពិន្ទុពីក្រុមលេខ២ AC Milan បណ្តោះអាសន្ន ដែលការប្រកួតលីគនេះនៅសល់ ១១ប្រកួតត្រូវបញ្ចប់៕