(ភ្នំពេញ)៖ ជារឿងមួយចូលរួមត្រែកអរចំពោះក្រុមគ្រួសារពិធីការិនី កែវ ចាន់ និមល ដែលនៅថ្ងៃនេះ កូនស្រីរបស់នាងមានវ័យជិត១០ឆ្នាំ បានជាសះស្បើយពីជំងឺកូវីដ-១៩ ហើយ។ ទន្ទឹមនឹងការបង្ហោះសារប្រកាសដំណឹងល្អបែបនេះ កែវ ចាន់និមល ក៏បានថ្លែងនូវសារថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំផងដែរ ដែលបានយកចិត្តទុកដាក់ចំពោះអ្នកជំងឺកូវីដ-១៩ ទាំងអស់ មិនខ្លាចការនឿយហត់។
កែន ចាន់និមល បានសរសេរសារនៅមុននេះបន្តិចថា «ថ្ងៃដែលខ្ញ៉ំនិងគ្រួសារបានធ្វើតេស្តវិជ្ជមានជំងឺកូវីត១៩ គឺជាថ្ងៃដែលខ្ញ៉ំបានដឹងកាន់តែច្បាស់ពីការនឿយហត់ និងការប្រឹងប្រែង របស់សម្តេចទាំង២ លោកខ្នះខ្នែងជួយកូនចៅក្នុងគ្រាអាសន្នមិនគិតពីម៉ោងសម្រាកផ្ទាល់ខ្លួនឡើយ។ដោយឡែក ក្នុងអំឡុងពេលព្យាបាលនេះ បងប្រុសហ៊ុនម៉ាណែត និងបងស្រីពេជ្យ ចន្ទ័មុន្នី តែងតែបារម្ភពីសុខទុក្ខប្អូនៗជានិច្ច ខ្លាចខ្វះនេះ ខ្វះនោះ ញាំឆ្ងាញ់អត់?ញាំគ្រប់អត់? គ្រាន់តែដឹងថាប្អូនៗចង់ញាំផ្លែឈើ បងស្រីទៅទិញផ្លែឈើ រើសផ្ទាល់ដៃ ចេញលុយផ្ទាល់ខ្លួន មកចែកប្អូនតាមបន្ទប់ទៀត។សួរថាអោយប្អូនៗគួរប្រើពាក្យអរគុណបែបណាអោយស្មើរទំហំទឹកចិត្តមួយនេះ។ ការព្យាបាលកាន់តែមានប្រសិទ្ធភាពតាមរយៈការយកចិត្តទុកដាក់និងលើកទឹកចិត្តពីក្រុមគ្រូពេទ្យស្មគ្រ័ចិត្តសម្តេចតេជោ(TYDA)»។
អ្នកនាង បានបន្ថែមថា «ជាក់ស្តែងជាលទ្ធផលថ្ងៃនេះ កូនស្រីខ្ញ៉ំដែលមានអាយុជិត១០ឆ្នាំ បានជាសះស្បើយពីជំងឺកូវីត១៩ហើយ។ សូមគោរពអរគុណម្តងទៀតសម្តេចពុកសម្តេចម៉ែ ដែលមិនចោលកូនៗក្នុងគ្រាដ៏លំបាកនេះ។ អរគុណបងប្រុសបងស្រីសម្រាប់ការហត់នឿយ១នេះ។អរគុណដល់ក្រុមគ្រូពេទ្យស្មគ្រ័ចិត្តសម្តេចតេជោ (TYDA) សម្រាប់ការលះបង់ដ៏ធំធេង១នេះ»។
គួរជម្រាបថា គិតត្រឹមរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ មានអ្នកសិល្បៈរកឃើញវិជ្ជមានកូវីដ-១៩ សរុបចំនួន ១១នាក់ហើយ រួមនាន អ្នកដឹកនាំសម្តែង លោក ទីតូ , ពិធីការិនី កែវ ចាន់និមល និងគ្រួសារ, លោក ណុប បាយ៉ារិទ្ធ, កញ្ញា វី ឌីណែត, តារាចម្រៀង អ្នកនាង សុគន្ធ នីសា, លោក Eco Vak Song (សុង វណ្ណា) ដែលជា ផលិតករ និងជាអ្នកដឹកនាំម្នាក់របស់ហង្សមាស, លោក វ៉ែន វណ្ណា (លី ស៉ីនហួន) អ្នកនិពន្ធនិងដឹកនាំថតចម្រៀង, តារាកំប្លែង សេង ចិន្តា (ស្រីអ៉ីត), លោក ចាន មករា អតីតអ្នកដឹកនាំសម្តែង, ក្រុមរាំរបស់ អ្នកនាងសុគន្ធ នីសា និងលោក សាន សុវណ្ណឌីន គ្រូភ្លេងនៅហង្សមាស៕