(ប៉េកាំង)៖ រដ្ឋាភិបាលចិន នឹងដាក់ចេញនូវច្បាប់ថ្មី ក្នុងឆ្នាំនេះ ដើម្បីគ្រប់គ្រង ត្រួតពិនិត្យ និងតាមដាននូវសកម្មភាពទិញ-លក់នៅលើទីផ្សារអនឡាញ ក្នុងគោលបំណងទប់ស្កាត់ទង្វើឆបោកផ្សេងៗ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។

លោក Wei Li មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលជាតិបទប្បញ្ញត្តិទីផ្សារចិន បានថ្លែងប្រាប់សារព័ត៌មានរដ្ឋចិន Xinhua News Agency ថា ច្បាប់ថ្មីនេះគឺត្រូវដាក់ចេញក្នុងឆ្នាំនេះ ដោយក្នុងនោះគោលបំណងធំគឺដើម្បីឲ្យប្រាកដទៅការទិញលក់នៅលើអនឡាញមានតម្លារភាព ជាពិសេសគឺដើម្បីដាក់កំហិតថា បើសិនជាមានករណីល្មើសណាមួយកើតឡើង តើនរណាជាអ្នកទទួលខុសត្រូវ។

លោក Linបានបន្ថែមទៀតថា ច្បាប់ថ្មីនេះ នឹងចាប់ផ្តើមអនុវត្តន៍ក្នុងឆ្នាំនេះ ហើយនឹងពង្រីកនៅឆ្នាំបន្តបន្ទាប់ ដើម្បីឲ្យមានសុពលភាព និងការអនុវត្តន៍បានល្អ ខណៈដែលជាក់ស្ដែងការទូទាត់តាមអនឡាញត្រូវបានធ្វើឡើងក្នុងទម្រង់មួយ ដែលមានចន្លោះប្រហោង ជាពិសេសគឺការឆបោក និងកេងយកផលចំណេញ ពីភាគីម្ខាង ដែលទង្វើទាំងនេះនឹងដាក់ចូលក្នុងច្បាប់ថ្មី។

គេមិនទាន់ដឹងលម្អិតអំពីច្បាប់ថ្មីនេះនឹងទេ ប៉ុន្ដែគេដឹងថា ក្រុមហ៊ុនយក្សអនឡាញធំៗនៅចិន នឹងជួបបញ្ហាជាមួយច្បាប់ថ្មីនេះ។ អាចនិយាយបានថា រដ្ឋាភិបាលចិនចាប់ផ្តើមរឹតបន្តឹង ប៉ុន្តែវាដើម្បីរក្សានូវភាពយុត្តិធម៌សម្រាប់អ្នករកស៊ីអនឡាញ៕