(លីវើភូល)៖ Diogo Jota រកបាន ១គ្រាប់ជួយក្រុមហង្សក្រហម Liverpool យកឈ្នះម្ចាស់ផ្ទះ Wolverhamton Wanderer ក្នុងលទ្ធផល ១-០ ក្នុងប្រកួតដែលកីឡាករចាំទី Rui Patricio បានទទួលបានរងបួសក្បាលជាទម្ងន់ផងដែរនៅរាត្រីថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១ ក្នុងយុទ្ធនាការលីគកំពូលអង់គ្លេស Premier League។
Jota ជាកីឡាករទី២ របស់ Liverpool ដែលរកគ្រាប់បាល់បានទល់នឹងក្រុមកញ្ជ្រោង Wolves នៅ Premier League បន្ទាប់ពីអតីតកីឡាករ Stephen Hunt នាពេលកន្លងមក ហើយក៏ជាបង្ហាញខ្លួនលើកទី១ នៅពេលដែលហង្សក្រហមប៉ះអតីតក្រុមចាស់របស់គេ ក្រោយផ្ទេរចេញកាលពីខែកញ្ញា ឆ្នាំ២០២០។
មួយវិញទៀត កីឡាករអន្តរជាតិព័រទុយហ្គាល់ខាងលើនេះ ក៏ធ្វើឲ្យ Liverpool សំឡឹងឃើញតំណែង Top-4 មកវិញផងដែរ នៅពេលទទួលបាន ៣ពិន្ទុនៅទឹកដី Molineux ដោយបានឡើងទៅឈរនៅចំណាត់ថ្នាក់លេខ៦ នៅក្រោម West Ham ត្រឹម ២ពិន្ទុដែលឈរលេខ៥ និងគំលាត ៥ពិន្ទុពីក្រុមលេខ៤ តោខៀវ Chelsea។
ក្នុងជំនួបដ៏ក្តៅគគុកនោះដែរ កីឡាករចាំទី Rui Patricio ដែលមិត្តរួមជាតិរបស់ Diogo Jota ផងនោះ ក៏បានទទួលរងរបួសក្បាលជាទម្ងន់ និងត្រូវសែងចេញពីទីលានផងដែរ នៅពេលប៉ះទង្គិចជាមួយប្រធានក្រុម Conor Coady ដោយបានរារាំងរកគ្រាប់បាល់របស់ខ្សែប្រយុទ្ធ Mohamed Salah៕