(សាគ្រីប)៖ លោក Zoran Mamic បានលាឈប់ដឹកនាំក្លិបបាល់ទាត់ Dinamo Zagreb ភ្លាមៗ ក្រោយតុលាការកំពូលនៃប្រទេសក្រូអាតប្រកាសសាលក្រមឲ្យរូបលោកជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ និង ៨ខែ នៅថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១។
តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០២១ នេះបានឲ្យដឹងថា លោក Zoran Mamic បានចុះចេញពីតំណែងភ្លាមៗ ដើម្បីបានទៅទទួលទោសដោយត្រូវជាប់ពន្ធនាគារជិត ៥ឆ្នាំ ពីករណីបន្លំពន្ធ (tax fraud) ជាមួយនឹងប្អូនប្រុសរបស់លោក Zdravko កាលពីឆ្នាំ២០១៨ កន្លងមក។
តុលាការកំពូលនៃប្រទេសស្ថិតនៅទ្វីបអឺរ៉ុបមួយនេះ ក៏បានបន្ធូរបន្ថយទោសលោក Mamic រយៈពេល ៣ខែផងដែរ ពោលគឺអតីតកីឡាករក្រុមជម្រើសជាតិក្រូអាតខាងលើនេះ ត្រូវជាប់ពន្ធនាគារតែ ៤ឆ្នាំ និង ៨ខែតែប៉ុណ្ណោះ។
នេះមានន័យថា បុរសវ័យ ៤៩ឆ្នាំ Mamic នឹងខកខានដឹកនាំក្រុម Dinamo Zagreb ប្រកួតទល់នឹង Tottenham Hotspur សម្រាប់ជើងទី២ នៃវគ្គ ១៦ក្រុមចុងក្រោយពានរង្វាន់ UEFA Europa League នារាត្រីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នៅក្រោយពេលពួកគេបានបរាជ័យ ២-០ កាលពីជើងទី១ នៅទឹកដីអង់គ្លេសកាលសប្តាហ៍មុន៕