(ភ្នំពេញ)៖ ខ្សែបម្រើដ៏មានប្រជាប្រិយ អាត អូនតូច បានចេញមុខបកស្រាយទៅនឹងព័ត៌មានមួយ បន្ទាប់ពីខ្លួនបានផ្ដល់បទសម្ភាសន៍ពាក់ព័ន្ធកាលដែលរូបគេធ្លាប់មានក្ដីស្រមៃចង់លេងឲ្យក្លិបជើងឯកលីគ ៤សម័យបឹងកេត គ្រាដែលបច្ចុប្បន្នអតីតយុវជនសាលាបាល់ទាត់ជាតិបាទីរូបនេះ កំពុងលេងឲ្យក្លិបបាល់ទាត់ខេត្តព្រៃវែង ដែលជាក្រុមចំណូលថ្មីនៃលីគកំពូលកម្ពុជា ឆ្នាំ២០២១។
យុវជនមានប្រភពពីខេត្តរតនគិរីរូបនេះបានសរសេរលើបណ្ដាញសង្គមផ្ទាល់ខ្លួនថា «ខ្ញុំបាទ អាត អូនតូច សូមបកស្រាយចំពោះព័ត៌មាន ដែលចុះផ្សាយពីខ្ញុំបាទ ដែលមានចំណងជើងធ្វើឲ្យមានការយល់ច្រឡំ។ សំណួរដែលខាងសារព័ត៌មានសួរមកខ្ញុំ គឺមានន័យថា៖ តើពីមុនខ្ញុំធ្លាប់មានក្តីស្រមៃចង់លេងនៅក្លិបណា មានន័យថាគាត់សួរខ្ញុំថាពីមុន ហើយខ្ញុំក៏បានឆ្លើយថា នៅពេលដែលខ្ញុំកំពុងហាត់នៅសាលាបាល់ទាត់ជាតិបាទី ខ្ញុំធ្លាប់មានក្តីស្រមៃចង់ទៅលេងនៅក្លិបបាល់ទាត់បឹងកេត នេះជាក្តីស្រមៃពីមុន តែឥឡូវនេះខ្ញុំមានក្លិបបាល់ទាត់ខេត្តព្រៃវែងហើយ»។
អូនតូច បានបន្ដថា «ហើយគាត់ក៏បានសួរខ្ញុំទៀតថា ចុះឥឡូវខ្ញុំនៅបន្តទៀតឬក៏យ៉ាងម៉េច ខ្ញុំក៏បានឆ្លើយថា នៅតែមានក្តីស្រមៃ នេះជាចម្លើយដែលខ្ញុំបានឆ្លើយ ចឹងត្រង់កន្លែងនេះមានន័យថា គ្រប់កីឡាករទាំងអស់មិនមែនមានន័យថា អាចលេងនៅក្លិបណាមួយគឺលេងរហូតនោះទេ ជាកីឡាករអាជីព ១រូប គង់តែត្រូវឆ្លងកាត់ដំណាក់កាលផ្លាស់ប្តូរក្លិប ចឹងដំណាក់កាលបន្ត បន្ទាប់ពីផ្លាស់ប្តូរមានន័យថាជាជម្រើសទី២ បន្ទាប់ពីផ្លាស់ប្តូរពីក្លិបដែលកំពុងនៅសព្វថ្ងៃ ហើយម៉្យាងទៀតក្នុងគោលការណ៍របស់ក្លិបគឺមិនបានបិទសិទ្ធិ និងហាមឃាត់មិនឲ្យកីឡាករសូម្បីតែសរសើរ និងគាំទ្រក្លិបផ្សេងដែរ»។
«ថ្នាក់ដឹកនាំក្លិបនីមួយៗមានតែលើកសរសើរនូវបណ្ដាក្លិបដែលមានចំណុចល្អៗ និងយកចំណុចល្អៗរបស់គេ ដើម្បីមកកែប្រែខ្លួនឯង ហើយគ្រប់ក្លិបទាំងអស់សុទ្ធតែមានឆន្ទៈតែមួយដូចគ្នា គឺចង់ឲ្យវិស័យបាល់ទាត់នៅប្រទេសកម្ពុជារីកចម្រើន។ ដូច្នេះហើយសូមបងៗខាងសារព័ត៌មានមេត្តាជួយបកស្រាយអ្វីដែលចុះផ្សាយឲ្យបានក្បោះក្បាយ និងកុំឲ្យមានការយល់ច្រឡំបន្តទៀត។ ដោយក្តីគោរព និងអនុគ្រោះពីខ្ញុំបាទ អាត អូនតូច»។ នេះគឺជាការបកស្រាយរបស់អតីតសមាជិកក្រុមជម្រើសជាតិយុវជនកម្ពុជាខាងលើ បន្ទាប់ពីមានការចែកចាយព័ត៌មាន និងមតិប្រតិកម្មមួយចំនួនមកលើខ្លួន។
គួរដឹងថា បន្ទាប់ពីចំណាយពេលជាច្រើនហ្វឹកហាត់នៅសាលាបាល់ទាត់ជាតិបាទី អាត អូនតូច បានផ្ទេរមកកាន់ក្រុមយុវជន U-17 វិសាខា កាលពីចុងឆ្នាំ២០១៨ ហើយបានរួមចំណែកជួយក្រុមឈ្នះជើងឯកយុវជនជាច្រើនកម្រិត រហូតដល់ឆ្នាំ២០២០ ក្រុមប្រមូលផ្ដុំដោយកីឡាករយុវជនមានសមត្ថភាពនេះ រួមទាំងកីឡាករ អាត អូនតូច បានផ្ដាច់ខ្លួនលេងតំណាងខេត្តព្រៃវែង ហើយបានជួយក្រុមឈ្នះជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត និងចំណាត់ថ្នាក់លេខ៣ នៃពានសម្ដេចតេជោ-ថ្នាក់ជាតិ ឆ្នាំ២០២០ ហើយបច្ចុប្បន្នបានក្លាយជាសមាជិកលីគកំពូលកម្ពុជា បន្ទាប់ពីដណ្ដើមបានជើងឯកលីគទី២ កាលពីឆ្នាំ២០២០ កន្លងទៅ៕