(សេអ៊ូល)៖ Samsung Electronics ដែលជាក្រុមហ៊ុនអេឡិចត្រូនិក និងបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូង បានដេញថ្លៃឈ្នះលើគម្រោងផលិតបន្ទះឈីបរថយន្តបើកបរដោយស្វ័យប្រវត្តិឱ្យ Waymo LLC ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Google ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។
ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូងបានចេញផ្សាយថា ក្រុមហ៊ុន Samsung នឹងអភិវឌ្ឍបន្ទះឈីប ដែលមានសមត្ថភាពខ្ពស់ ដែលទិន្នន័យកុំព្យូទ័រត្រូវបានប្រមូលពីប្រព័ន្ធស៊ិនស័រតំឡើងក្នុងរថយន្តបើកបរដោយស្វ័យប្រវត្តិ ហើយបញ្ជូនទិន្នន័យទាំងនោះ ទៅឱ្យមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យរបស់ក្រុមហ៊ុន Google ដោយប្រតិបត្តិការទាំងនេះគឺត្រូវធ្វើឡើងក្នុងពេលវេលាជាក់ស្ដែង និងភ្លាមៗ។
បើទោះបីជាមានប្រភពជាច្រើន បានបញ្ជាក់ដូចខាងលើក្ដី ក៏ប៉ុន្តែខាងក្រុមហ៊ុន Samsung បានបដិសេធមិនធ្វើអត្ថាធិប្បាយ ទាក់ទិននឹងបញ្ហាក្រុមហ៊ុនជាអតិថិជនរបស់ខ្លួន ខណៈដែល Google ក៏មិនបានឆ្លើយបំភ្លឺនោះដែរជុំវិញបញ្ហានេះ។
គួរបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំនេះ គម្រោងផលិតរថយន្តបើកបរដោយស្វ័ប្រវត្តិ និងគម្រោងផលិតរថយន្តដោយប្រើប្រាស់ថាមពលអគ្គិសនីត្រូវបានប្រកាសឡើងជាបន្តបន្ទាប់ ជាពិសេសបណ្ដាក្រុមហ៊ុនផលិតរថយន្តធំៗបានប្រកាសបង្ហាញពីគោលការណ៍របស់ខ្លួនក្នុងការឈប់ផលិតរថយន្តប្រើប្រាស់ថាមពលប្រេង សាំង និងងាកទៅផលិតរថយន្តប្រើអគ្គិសនីនៅក្នុងរយៈពេល ៥ ឬ១០ឆ្នាំខាងមុខទៀត៕