(កាតាឡាំង)៖ ក្លិប FC Barcelona បានឡើងមកឈរលេខរៀងទី២ វិញហើយ បន្ទាប់ពីបានយកឈ្នះក្រុមភ្ញៀវ Huesca ៤-១ ក្នុងការប្រជែងជើងទី២ សប្តាហ៍ទី២៧ នៃលីគកំពូលអេស្ប៉ាញ La Liga ដែលជ័យជម្នះនេះធ្វើបានដោយ Lionel Messi ២គ្រាប់តាមទាន់កំណត់ត្រាអតីតមិត្តរួមក្រុម Xavi Harnandez បង្ហាញខ្លួនបាន ៧៦៧ប្រកួតជាមួយក្លិបអ្នកមានបុណ្យ។

គិតត្រឹមបច្ចុប្បន្នខ្សែប្រយុទ្ធឆ្នើម Lionel Messi បានបង្ហាញខ្លួនឲ្យក្រុម FC Barcelona បានចំនួន ៧៦៧ប្រកួតហើយចាប់តាំងពីឆ្នាំ២០០៤ មក បន្ទាប់ពីបានស៊ុត ២គ្រាប់នៅជំនួបស្វែងរក ៣ពិន្ទុនៅនាទី១៣ និងនាទី៩០ ខណៈមិត្តរួមក្រុម Antoine Griezmann ជាមួយនឹង Oscar Mingueza រកបានម្នាក់ ១គ្រាប់ផងដែរ គ្រាដែលគូប្រជែងរកបាន ១គ្រាប់ដោយ Rafa Mir នៅនាទី៤៥ ដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្រនៅទឹកដី Camp Nou។

ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន Messi នឹងបានកំណត់ត្រាថ្មីមួយនេះ ក្នុងនាមអ្នកច្រើនប្រកួតជាងក្នុងក្លិប នៅពេល Barcelona ប៉ះម្ចាស់ផ្ទះ Real Sociedad នារាត្រីថ្ងៃអាទិត្យចុងសប្តាហ៍នេះនៅ La Liga។

តាមរយៈលទ្ធផលនេះ FC Barcelona បានឡើងមកឈរលេខរៀងទី២ ដោយរកបាន ៥៩ពិន្ទុចាញ់ក្រុមកំពូលតារាង Atletico Madrid ដែលរកបាន ៦៣ពិន្ទុ និងមានក្រុមការពារតំណែងជើងឯក Real Madrid ឈរលេខ៣ មាន ៥៧ពិន្ទុ ខណៈការប្រកួតនៅសល់តែ ១១ប្រកួតទៀតត្រូវបានបញ្ចប់ជាផ្លូវការ៕