(ភ្នំពេញ)៖ អ្នកលេងក្បាច់គុនចម្រុះ ចាន់ រតនា បានបង្ខំចិត្តបិទក្លិបប្រដាល់របស់ខ្លួន គឺក្លិបសិល្បៈ ជាបណ្ដោះអាសន្នហើយ ក្រោមមូលហេតុមិនអាចរត់រួចនឹងថ្លៃជួលផ្ទះ អំឡុងការរីករាលដាលខ្លាំង នៃជំងឺកូវីដ-១៩ បន្ទាប់ពីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈកាលពីថ្មីៗ។
កីឡាករវ័យ ៣៥ឆ្នាំរូបនេះបានបញ្ជាក់ថា ដោយសារវិបត្តិកូវីដ-១៩ គេបានតម្រូវឲ្យបិទក្លិប តែដោយសារកន្លែងបើកក្លិប គឺជាផ្ទះជួលគេ ដែលរាល់ការចំណាយពឹងផ្អែកលើការបង្ហាត់សិស្សនោះ រតនា មិនអាចរត់រួចឡើយ ហើយខ្លួនក៏សម្រេចចិត្តបិទបណ្ដោះអាសន្ន ដោយស្វែងរកផ្ទះជួលមានតម្លៃសមរម្យរស់នៅសិន រង់ចាំស្ថានភាពអំណោយផល ទើបរកកន្លែងបើកក្លិបវិញ។
អ្នកប្រយុទ្ធពហុជំនាញរូបនេះនិយាយថា «ខ្ញុំជួលផ្ទះគេ ព្រោះខ្ញុំបើកក្លិប ហើយខ្ញុំអាចដំណើរការក្លិបបាន ដោយសារខ្ញុំមានចំណូលពីការបង្ហាត់សិស្ស។ ដល់ពេលមានបញ្ហាកូវីដហ្នឹង គេតម្រូវឲ្យបិទក្លិប ដល់ចឹងខ្ញុំត្រូវបិទ ហើយខ្ញុំរត់អត់រួចថ្លៃផ្ទះ។ អ៊ីចឹងខ្ញុំសម្រេចចិត្តទៅនៅកន្លែងផ្សេង ជួលផ្ទះកន្លែងណាារស់នៅសិន ហើយពេលជំងឺកូវីដវាស្ងប់ស្ងាត់ទៅវិញ ហើយគេអាចឲ្យយើងបើកក្លិបវិញ ទើបខ្ញុំរកទីតាំងថ្មីមួយទៀត ដើម្បីបើកក្លិបឡើងវិញ»។
សម្រាប់ក្លិបប្រដាល់សិល្បៈដែលកីឡាករ ចាន់ រតនា ទើបប្រកាសបិទទ្វារបណ្ដោះអាសន្ន គឺបានបើកនៅផ្ទះជួលមួយកន្លែង ស្ថិតនៅសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ដោយជួលក្នុង ១ខែជាង ៦០០ដុល្លារ។ យ៉ាងណាក្ដី រតនា ធ្លាប់បង្ហើបពីក្ដីស្រមៃធំ២ ដោយទី១-គេប្ដេជ្ញានឹងខំប្រឹង រហូតដល់ថ្ងៃចូលនិវត្តន៍ ដើម្បីមានកន្លែងបើកក្លិបផ្ទាល់ខ្លួន និងទី២-គឺគេចង់ប្រកួតជាមួយម្ចាស់ខ្សែក្រវាត់លើសង្វៀនលំដាប់ពិភពលោក ONE Championship។
សូមបញ្ជាក់ថា ចាន់ រតនា គឺជាកីឡាករគុនចម្រុះដ៏ល្បីលំដាប់លេខ១ របស់កម្ពុជា ដែលតែងមានឱកាសបង្ហាញវត្តមានលើសង្វៀន ONE Championship ខណៈប្រកួតចុងក្រោយ កាលពីចុងឆ្នាំ២០២០ កន្លងទៅ គេបានប្រកួតចាញ់កីឡាករចិន Xie Wei ក្នុងព្រឹត្តិការណ៍ ONE: COLLISION COURSE នៅប្រទេសសិង្ហបុរី ក្នុងទឹកទី៣។ រតនា ធ្លាប់ឡើងសង្វៀនលំដាប់ពិភពលោកនេះ ១១លើក ដោយឈ្នះ៣ និងចាញ់ ៨ដង៕