(ភ្នំពេញ)៖ តារាចម្រៀងស្រី Taylor Swift និង Billie Eilish ក្តោបបានពានរង្វាន់លំដាប់កំពូលៗពីកម្មវិធី «Grammy Awards» ដែលធ្វើឡើងនៅថ្ងៃអាទិត្យសប្តាហ៍មុន។ តែយ៉ាងណា Beyounce ត្រូវបានគេដឹងជា អ្នកឈ្នះពានរង្វាន់ដ៏ច្រើននៅរាត្រីនោះផងដែរ ហើយត្រូវបានគេកត់សម្គាល់ឃើញថា បានធ្វើឲ្យស្ត្រីនាំមុខគេតែម្តង សម្រាប់ព្រឹត្តិការណ៍ប្រគល់ពានរង្វាន់នេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។

តារាស្រី Beyonce ក្តាប់បានពានរង្វាន់ដល់ទៅ៤ ពីកម្មវិធី Grammys ឆ្នាំនេះ ដែលធ្វើឲ្យការទទួលពានរង្វាន់សរុប ក្នុងអាជីពសិល្បៈរបស់នាងកើនដល់២៨។ ចំណែកឯតារាចម្រៀង Taylor Swift វិញ គឺបានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង តាមរយៈអាល់ប៊ុមចម្រៀង «Folklore» របស់នាង ដែលបានបញ្ចេញអំឡុងពេលបិទខ្ទប់ប្រទេស ដោយសារកូវីដ-១៩ ខណៈអាល់ប៊ុមនេះបានធ្វើឲ្យ Swift ក្លាយជាស្ត្រី ដែលដណ្តើមបានពានរង្វាន់ដល់ទៅ៣ពីកម្មវិធីនេះត្រឡប់ទៅផ្ទះវិញ។

ងាកមកបទចម្រៀង «I Can’t Breathe» របស់តារាស្រី H.E.R វិញ គឺឈ្នះពានរង្វាន់ «បទចម្រៀងប្រចាំឆ្នាំ» ដោយសារតែវាត្រូវបានសសេរឡើង ដើម្បីគាំទ្រដល់ការធ្វើបាតុកម្មទាមទារយុត្តិធម៌ជូនបុរសស្បែកខ្មៅ George Floyd ដែលត្រូវប៉ូលីសទីក្រុង Minnneaplis យកជង្គង់សង្កត់ករហូតដល់ស្លាប់។

សម្រាប់បទ «Everything I Wanted» របស់តារាស្រី Eilish វិញ គឺឈ្នះពានរង្វាន់ «Record of the year» ផងដែរ។ និយាយរួម គេសង្កេតឃើញថា តារាស្រីខាងលើសុទ្ធសឹងតែ នាំមុខក្នុងការឈ្នះពានរង្វាន់ «Grammys» ក្នុងឆ្នាំនេះ ដែលនាំឲ្យមានការនិយាយថា «ស្រ្តីនាំមុខ» ក្នុងប្រវត្តិសាស្ត្រ «Grammys» ។

គួរជម្រាបថា ព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ «Grammys» ត្រូវបានគេចាត់ទុកថា ជាកម្មវិធីប្រចាំឆ្នាំដ៏ធំមួយ ក្នុងវិស័យសិល្បៈអាមេរិក។ កម្មវិធីនេះ ត្រូវបានធ្វើឡើងជាលើកដំបូងនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ១៩៥៩។ កម្មវិធីនេះ ត្រូវបានរៀបចំឡើង ដើម្បីលើកទឹកចិត្តដល់តារាចម្រៀងទាំងអស់ ដែលបានសាងភាពល្បីល្បាញ តាមរយៈចម្រៀងរបស់ពួកគេ តាមរយៈការផ្តល់ពានរង្វាន់។ ក្នុងឆ្នាំ២០២១នេះ វាត្រូវបានធ្វើឡើងនៅថ្ងៃទី១៤ ខែមីនា កន្លងទៅនេះ នៅតំបន់ Los Angeles Convention Center៕