(ភ្នំពេញ)៖ និរន្តភាព និងការទំនាក់ទំនងដ៍រលូនរបស់អតិថិជនទាំងអស់ គឺជាគោលបំណងចំបងរបស់ក្រុមហ៊ុន Smart គ្រប់ពេលវេលា ជាពិសេសនៅក្នុងអំឡុង ពេលបច្ចុប្បន្ន។ ដើម្បីគាំទ្រកម្ពុជា ក្នុងយុទ្ធនាការប្រឆាំងការរាតត្បាតជាសកលនៃវីរុសកូរ៉ូណា ដែលកំពុងកើតមានឡើងក្នុងប្រទេស ក្រុមហ៊ុនបានផ្ដល់ជូន ការហៅទូរស័ព្ទក្នុងប្រព័ន្ធ ឥតគិតថ្លៃរយៈពេល៦០នាទី ដល់អតិថិជនក្រុមហ៊ុន Smart ទាំងអស់ជារៀងរាល់ថ្ងៃ រហូតដល់ចុងខែមីនា។
លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានថ្លែងថា «ឥឡូវនេះ ជាពេលវេលាដ៏សំខាន់ជាងពេលណាៗទាំងអស់ ដែលមនុស្សគ្រប់គ្នា ចង់មានភាពស្និទ្ធស្នាលជាមួយមនុស្សជាទីស្រឡាញ់របស់ពួកគេ ជាពិសេសនៅពេលយើងឃ្លាតកាយឆ្ងាយពីគ្នា។ នៅក្រុមហ៊ុន Smart Axiata ពួកយើងយល់ ច្បាស់ណាស់ នូវសារៈសំខាន់នៃការភ្ជាប់ទំនាក់ទំនងក្នុងជីវិតប្រចាំថ្ងៃរបស់អតិថិជនយើង។ ពួកយើងសង្ឃឹមថាអាចផ្ដល់ភាពងាយស្រួលជាងនេះ បន្តិចដោយផ្ដល់ជូន បន្ថែមការហៅទូរស័ព្ទ ក្នុងប្រព័ន្ធឥតគិតថ្លៃរយៈពេល៦០នាទី ជារៀងរាល់ថ្ងៃដល់អតិថិជនប្រើប្រាស់គម្រោងបង់ជាមុន និងគម្រោងបង់ប្រាក់ប្រចាំខែ»។
អតិថិជនអាចទទួលបានការហៅទូរស័ព្ទ ក្នុងប្រព័ន្ធដោយឥតគិតថ្លៃរយៈពេល៦០នាទី ដោយគ្រាន់តែចុច * ២០២១ #ហើយចុចបញ្ចូន។
ក្រុមហ៊ុន Smart ថ្មីៗនេះ ក៏បានផ្ដល់ជូនទិន្នន័យអ៊ិនធឺណិតចំនួន១GB ឥតគិតថ្លៃ ដល់អតិថិជនទាំងអស់ ដែលបញ្ចូលទឹកប្រាក់ក្នុងគណនីចំបងយ៉ាងតិចណាស់ ១ដុល្លារ ២៥សេន តាមរយៈកម្មវិធី SmartNas គេហទំព័រ Smart ឫ Zero Balance Portal។
ក្រុមហ៊ុន Smart បានប្រើប្រាស់ធនធាន និងបណ្តាញទូរស័ព្ទរបស់ខ្លួន ដើម្បីគាំទ្រដល់យុទ្ធនាការប្រឆាំងនឹងវីរុសនេះ ចាប់តាំងពីជំងឺរាតត្បាតសកល បានវាយលុកប្រទេសកម្ពុជាដំបូងមកម៉េ្លះ។
បន្ថែមលើការផ្ដល់ជូនពិសេស សម្រាប់អតិថិជនដូចជា ការហៅទូរស័ព្ទ និងទិន្នន័យអ៊ិនធឺណិតឥតគិតថ្លៃ ដើម្បីជំរុញអតិថិជនឲ្យរក្សាគម្លាតសុវត្ថិភាព ក្រុមហ៊ុនបានប្រើប្រាស់បណ្តាញទូរស័ព្ទរបស់ខ្លួន ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងយុទ្ធនាការលើកកម្ពស់ការយល់ដឹង អំពីជំងឺកូវីដ១៩ ដោយប្រើប្រាស់សារសំឡេង និងសារជាអក្សរ ផ្ញើជូនអតិថិជនចំនួន៨លាន របស់ខ្លួននៅទូទាំងប្រទេសកម្ពុជា ដើម្បីជំរុញការគោរពនៃវិធានការការពារនានាដែលណែនាំដោយក្រសួងសុខាភិបាល។
ក្រុមហ៊ុនក៏បានឲ្យដឹងផងដែរថា ជំនួយពីមូលនិធិទឹកប្រាក់១លានដុល្លារ ដើម្បីប្រឆាំងជំងឺកូវីដ ១៩ របស់ខ្លួននៅបន្តមាននៅឡើយ ដោយមូលនិធិនេះ ត្រូវបានបង្កើតឡើងកាលពីខែ មីនា ឆ្នាំ២០២០ ដើម្បីគាំទ្រគំនិតផ្ដួចផ្ដើមជួយពលរដ្ឋកម្ពុជា ដោះស្រាយបញ្ហាផ្នែកសុខភាព សង្គម និងសេដ្ឋកិច្ច បង្កឡើងដោយជំងឺរាតត្បាតសលកវីរុសកូរ៉ូណា។
គម្រោងចំនួន១២ផ្សេងៗគ្នារួមមាន៖ វិទ្យាសា្ថនប៉ាស្ទ័រកម្ពុជា អង្គការសង្គ្រោះកុមារ (Save the Children) អង្គការមិត្តសំឡាញ់អន្តរជាតិ បានទទួលជំនួយពីមូលនិធិ សង្គ្រោះប្រឆាំងកូវីដ ១៩ ហើយក្រុមហ៊ុនកំពុងប្រកាសស្វាគមន៍ ការដាក់ពាក្យស្នើសុំថ្មីពីក្រុមហ៊ុន ឬអង្គការនានា ដែលមានគោលបំណង ជួយសម្រាល់ផលលំបាក ពលរដ្ឋកម្ពុជាដែលកំពុងប្រឈមបញ្ហានៃជំងឺរាតត្បាតសកល។
ពាក្យស្នើសុំអាចផ្ញើបានតាមអនឡាញ តាមរយៈhttps://bit.ly/3aQsrJV។ សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartaxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh៕