(ភ្នំពេញ)៖ ក្រុមគ្រួសាររបស់តារាកំប្លែង នាយ ចឺម ត្រូវបានក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាល ទៅដឹកដល់ផ្ទះ ក្នុងខេត្តកំពង់ស្ពឺ នាល្ងាចនេះ ដើម្បីយកទៅធ្វើចត្តាឡីស័ក បន្ទាប់ពីធ្វើតេស្តរកជំងឺកូវីដ-១៩ និងបន្ទាប់ពីរកឃើញថា មានជាប់ទាក់ទងជាមួយតារាកំប្លែង ស្រីអ៉ីត ដែលមានវិជ្ជមានកូវីដ-១៩។

នាយចឺម បានថ្លែងប្រាប់ Fresh News Plus នៅមុននេះបន្តិចថា ក្រុមគ្រូពេទ្យបានទៅយកក្រុមគ្រួសាររបស់ខ្លួន មានចំនួន១០នាក់ ដើម្បីយកមកធ្វើចត្តាឡីស័កនៅក្រុមច្បារមន ខេត្តកំពង់ស្ពឺ ដោយក្រុមគ្រូពេទ្យបានឲ្យបន្ទប់មកគ្រួសារលោកចំនួន៤ ដើម្បីធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ។

នាយចឺម បានបន្តថា តារាកំប្លែងស្រីអ៉ីត បានទៅលេងផ្ទះលោកនៅក្នុងថ្ងៃខួបកំណើតក្មួយ កាលពីថ្ងៃទី៤ ខែមីនា ហើយពាក់ព័ន្ធជាមួយនឹងលទ្ធផល លោកមិនទាន់ដឹងទេ គឺកំពុងរង់ចាំលទ្ធផលនៅថ្ងៃទី១៧ ខែមីនា ស្អែកនេះ។ លោកថា ទោះជាលទ្ធផលបែបណាក៏ដោយ ក្រុមគ្រូពេទ្យនៅតែបន្តឲ្យលោក និងក្រុមគ្រួសារ ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃដដែល។

គួរជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៤៣០នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៨១៨នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៦០៩នាក់, ស្លាប់ដោយសារកូវីដ១៩ ម្នាក់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕