(ភ្នំពេញ)៖ តារាចម្រៀងឯករាជ្យ លោក បញ្ញា សិទ្ធ បានប្រកាសក្នុងបណ្តាញសង្គមផ្ទាល់ខ្លួនថា លោកមានវិជ្ជមានចំពោះកូវីដ-១៩ ហើយត្រូវបានរថយន្តក្រុមគ្រូពេទ្យទៅដឹកយករូបលោក ទៅកន្លែងសម្រាកព្យាបាលនាយប់មិញនេះ។
លោកបញ្ញា សិទ្ធ បានសរសេរសារថា «សួរស្តីបងប្អូនខ្ញុំបាទ បញ្ញាសិទ្ធ ថ្ងៃនេះម៉ោង ១១ យប់ថ្ងៃទី ១៦-០៣-២០២១ បានទទួលលទ្ធផលហេីយគឺ វិជ្ជមាន កូវិត ១៩ សូមបងប្អូនថែរក្សាសុខភាពផង»។
ទោះជាបែបនេះក្តី លោក បញ្ញា សិទ្ធ មិនបានបញ្ជាក់បន្ថែមទេថា លោកបានឆ្លងកូវីដ-១៩ ពីអ្នកណាមកនោះទេ។
គួរជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ មានអ្នកសិល្បៈជាច្រេីនបានរកឃើញវិជ្ជមានកូវីដ-១៩ ក្នុងនោះរួមមានអ្នកដឹកនាំសម្តែង លោក ទីតូ , ពិធីការិនី កែវ ចាន់និមល និងគ្រួសារ, លោក ណុប បាយ៉ារិទ្ធ, កញ្ញា វី ឌីណែត, តារាចម្រៀង អ្នកនាង សុគន្ធ នីសា, លោក Eco Vak Song (សុង វណ្ណា) ដែលជា ផលិតករ និងជាអ្នកដឹកនាំម្នាក់របស់ហង្សមាស, លោក វ៉ែន វណ្ណា (លី ស៉ីនហួន) អ្នកនិពន្ធនិងដឹកនាំថតចម្រៀង, តារាកំប្លែង សេង ចិន្តា (ស្រីអ៉ីត), លោក ចាន មករា អតីតអ្នកដឹកនាំសម្តែង, ក្រុមរាំរបស់ អ្នកនាងសុគន្ធ នីសា និងលោក សាន សុវណ្ណឌីន គ្រូភ្លេងនៅហង្សមាស និងពេលនេះគឺតារាចម្រៀងបញ្ញា សិទ្ធ៕