(ម៉ាឌ្រីដ)៖ ក្រុមបងធំប្រចាំទ្វីបអឺរ៉ុប Real Madrid បានឈានចូលវគ្គ ៨ក្រុមចុងក្រោយនៃ UEFA Champions League ដែរហើយ នៅពេលបន្តយកឈ្នះ Atalanta របស់អ៉ីតាលី ៣-១ ក្នុងជើងទី២ ទៀតនៅនារាត្រីថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០២១។

ក្រុមរបស់លោក Zinedine Zidane បន្តធ្វើបានល្អទៀតក្នុងទឹកដីរបស់ខ្លួន បន្ថែមលើជ័យជម្នះ ១-០ កាលពីជើងទី១ នាសប្តាហ៍មុន និងបានក្លាយជាក្រុមអេស្ប៉ាញទី១ ដែលបានឆ្លងផុតវគ្គ ១៦ក្រុមនេះ នៅឡើយតែរង់ចាំ Atletico Madrid ដែលត្រូវប៉ះតោខៀវ Chelsea រាត្រីនេះ ដ្បិត FC Barcelona បានហាលអាវទៅហើយ ក្រោយថ្វីជើងរបស់ Paris Saint-Germain។

កីឡាករខ្សែប្រយុទ្ធបារាំង Karim Benzema រកបានគ្រាប់ទី១ នៅនាទី៣៤ ធ្វើឲ្យរូបគេកើនបាន ២១គ្រាប់ឲ្យ Real Madrid គ្រប់កម្មវិធីប្រកួតនារដូវកាលនេះ។ ដូចគ្នានោះដែរ ប្រធានក្រុម Sergio Ramos ក៏ប៉េណាល់ទីបាន ១គ្រាប់ផងដែរនៅនាទី៦០ នៅមុនពេល Marco Asensio រកបានគ្រាប់ទី៣ នៅនាទី៨៤ ក្រោយតែ ១នាទីប៉ុណ្ណោះ ពេល Luis Muriel វាយបកបាន ១គ្រាប់ឲ្យក្រុមភ្ញៀវ មុនពេលហាលអាវត្រឡប់ទៅផ្ទះវិញ។

នេះក៏ជាលើកទី១ ផងដែរសម្រាប់ Real Madrid ដែលបានឆ្លងចូលវគ្គ ៨ក្រុមចុងក្រោយនៃ UCL ក្នុងចំណោម ៣រដូវកាលចុងក្រោយនេះ ដ្បិតពួកគេឈ្នះលំដាប់កំពូលអឺរ៉ុបមួយនេះចុងក្រោយក្នុងឆ្នាំ២០១៨ គម្រប់ការឈ្នះបាន ១៣ដងច្រើនជាងគេផងដែរ៕