(មេនឆេស្ទើ)៖ ក្រុមបាល់ទាត់ Manchester City បានបន្តឆ្លងចូលវគ្គ ៨ក្រុមចុងក្រោយនៃពានលីគអឺរ៉ុប UEFA Champions League ដូច Liverpool ដែរហើយ បន្ទាប់ពីយកឈ្នះគូប្រជែង Borussia Monchengladbach ២-០ ទៀតក្នុងការប្រកួតបញ្ចប់ជើងទី២ នៅរាត្រីថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០២១។

សរុបទាំង ២ជើងរបស់ក្រុមរបស់លោក Pep Guardiola បានយកឈ្នះក្រុមមកពីអាល្លឺម៉ង់ Moncheng ក្នុងលទ្ធផល ៤-០ នៅពេលដែលពួកគេក៏ធ្វើបានលទ្ធផល ២-០ កាលពីជើងទី១ នៅទឹកដីនៃប្រទេសហុងគ្រីកាលពីជើងទី១ នៃវគ្គ ១៦ក្រុមចុងក្រោយ។

កីឡាករខ្សែបម្រើល្អបំផុតប្រចាំឆ្នាំ២០២០ នៅអឺរ៉ុប Kevin de Bruyne រកបានគ្រាប់ទី១ ឲ្យមេឃខៀវនៅនាទី១២ នៅពេលទទួលបានពី Ryad Mahrez មុនពេល Phil Foden បញ្ជូនបាល់ឲ្យ Gundogan ស៊ុតបានសម្រេចគ្រាប់ទី២ ទៀតនៅនាទី១៨ ដែលធ្វើឲ្យរូបគេ (Gundogan) កើនគ្រាប់ស៊ុតបាន ១៥គ្រាប់ច្រើនជាងគេឲ្យ Man City គ្រប់កម្មវិធីប្រកួតនារដូវកាលនេះ។

តាមរយៈជ័យជម្នះស្រួលៗនៅទឹកដី Puskas Arena ធ្វើឲ្យក្រុមមិនដែលឈ្នះពានអឺរ៉ុបមួយនេះ រក្សាប្រវត្តិលេងមិនទាន់ចាញ់ឡើយក្នុងចំណោម ៨នៅ UCL រដូវកាលឆ្នាំ២០២០-២០២១។ នេះមានន័យថា Manchester City ទើបតែចាញ់ ១ដងគត់ ក្នុងចំណោម ៣២ប្រកួតចុងក្រោយ និងក្លាយជាក្រុមអង់គ្លេសទី១ ក្នុងការប្រជែងពាន UEFA Champions League, Premier League, FA Cup និងពាន League Cup រដូវកាលនេះ៕