(ស្តុកខម)៖ កីឡាករខ្សែប្រយុទ្ធ Zlatan Ibrahimovic ត្រូវបានជ្រើសរើសចូលក្នុងក្រុមជម្រើសជាតិស៊ុតអែតជាថ្មី ដែលដឹកនាំដោយគ្រូបង្វឹក Janne Andersson សម្រាប់ការប្រកួតវគ្គជម្រុះរបស់ពួកគេនាពេលខាងមុខក្នុងព្រឹត្តិការណ៍ World Cup តទល់ជាមួយនឹងក្រុមជម្រើសជាតិហ្សកហ្ស៊ី និងកូសូវ៉ូ។

ការកោះហៅចូលក្រុមជម្រើសជាតិជាថ្មីនេះដែរត្រូវបានធ្វើឡើងក្នុងរយៈពេល ៥ឆ្នាំ បន្ទាប់ពីខ្សែប្រយុទ្ធដែលកំពុងលេងឲ្យក្លិប AC Milan ខាងលើនេះ បានចូលនិវត្តន៍ពីក្រុមជម្រើសជាតិ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ នេះ។

Ibrahimovic ដែលមានវ័យ ៣៩ឆ្នាំទៅហើយនោះ រកបានចំនួន ៦២គ្រាប់ពីការបង្ហាញខ្លួនបន ១១៦ដងឲ្យស៊ុយអែត មុនពេលចូលនិវត្តន៍ពីក្រុមជម្រើសជាតិ នៅក្រោយពេលក្រុមបានធ្លាក់នៅវគ្គចែកពូលក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ២០១៦ នៅទឹកដីបារាំង។

កីឡាកររូបនេះបានយល់ព្រមវិលចូលក្រុមជម្រើសជាតិស៊ុយអែតវិញ នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយសារព័ត៌មានកាលពីខែវិច្ឆិកា ឆ្នាំ២០២០ ហើយគ្រូបង្វឹក Andersson ក៏បានទៅជួបរូបលោកនៅទីក្រុង Milan ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការវិលត្រឡប់មកវិញរបស់លោក ដែលត្រូវបានប្រកាសនៅថ្ងៃអង្គារម្សិលមិញ។

គួររំលឹកថា Zlatan Ibrahimovic បានរកគ្រាប់បាល់ចំនួន ១៤គ្រាប់នៅក្នុងការបង្ហាញខ្លួន ១៤លើកក្នុងការប្រកួតនៅ Serie A ឲ្យក្លិប AC Milan រដូវកាលនេះ៕