(ហុងកុង)៖ ក្រុមអ្នកវិនិយោគិននៅទូទាំងពិភពលោករបស់ក្រុមហ៊ុន Ant Group ថ្មីៗនេះ បានធ្វើការវាយតម្លៃថា ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនយក្សចិន Alibaba និងមានលោក Jack Ma ជាខ្នងបង្អែក មួយនេះ នៅពេលមានតម្លៃ ប្រមាណជា ២០០ពាន់លានដុល្លារអាមេរិក ដែលការវាយតម្លៃនេះត្រូវបានធ្វើឡើងដោយផ្អែកទៅលើលទ្ធផលនៃកំណើនអាជីវកម្មក្នុងឆ្នាំ២០២០ បើទោះបីជាការលក់ IPO ត្រូវបានបរាជ័យ ដោយសារតែមានការរារាំងពីរដ្ឋាភិបាលចិនក៏ដោយ។
សារព័ត៌មាន Reuters បានចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ថា ការវាយតម្លៃខាងលើនេះគឺលើសពីតម្លៃរបស់ក្រុមហ៊ុន Ant Group យ៉ាងហោចណាស់ក៏ ១ភាគ៣ផងដែរ បន្ទាប់ពីការប្រមូលដើមទុនលើកចុងក្រោយបង្អស់របស់ Ant Group ក្នុងឆ្នាំ២០១៨ ហើយវាក៏ជាពេលដែលក្រុមហ៊ុនចិនមួយនេះ ជាប់ឈ្មោះជាក្រុមហ៊ុនបច្ចេកវិទ្យា «មិនចុះបញ្ជី» មានតម្លៃខ្ពស់ជាងគេបំផុតនៅក្នុងពិភពលោក។
ប្រភពដែលបានទម្លាយព័ត៌មានដ៏រសើបនេះ បានឱ្យដឹងថា វិនិយោគិនម្នាក់ៗគឺមានក្ដីសង្ឃឹម យ៉ាងខ្លាំង ថានឹងទទួលបានប្រាក់ចំណេញយ៉ាងច្រើនសន្ធឹកសន្ទាប់ពីការលក់ IPO ប៉ុន្តែក្ដីសង្ឃឹមមួយនោះ ត្រូវបានរលាយបាត់ ទៅតាមខ្យល់ ក្រោយពេលដែល ក្រុមនិយតករហិរញ្ញវត្ថុរបស់រដ្ឋាភិបាលចិន បានរារាំង និងផ្អាកមិនឱ្យក្រុមហ៊ុន Ant Group បោះផ្សាយមូលបត្រកម្មសាធារណៈលើកដំបូង (IPO) ក្នុងតម្លៃ ៣៧ពាន់លានដុល្លារ ដែលចំណាត់ការ ក្រុមនិយតករហិរញ្ញវត្ថុរបស់រដ្ឋាភិបាលចិននេះ ត្រូវបានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុន ពេលក្រុមហ៊ុន Ant Group ចុះបញ្ជីចូលក្នុងផ្សារហ៊ុនកាលពីខែវិច្ឆិកា ឆ្នាំ២០២០៕