(ភ្នំពេញ)៖ ការប្រកួតសប្ដាហ៍ទី៣ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២១ រវាងក្លិបបាល់ទាត់វិសាខា និងក្លិបព្រះខ័នរាជស្វាយរៀង ដែលគ្រោងប្រកួតនាចុងសប្ដាហ៍នេះ ត្រូវបានលើកពេលទៅប្រកួតនាថ្ងៃទី៥ ខែឧសភាវិញហើយ បន្ទាប់ពីមានការស្នើសុំពីភាគីវិសាខា ដ្បិតក្លិបត្រូវយកសំណាកលើកទី២ ដើម្បីធ្វើតេស្ដរកជំងឺកូវីដ-១៩ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១។ នេះបើយោងតាមលិខិតផ្លូវការរបស់គណៈកម្មការប្រកួតបាល់ជាតិកម្ពុជា (CNCC)។
ជុំវិញការលើកពេលការប្រកួតដ៏ធំប្រចាំសប្ដាហ៍រវាងក្រុមខ្លាំងពីរខាងលើ ត្រូវបាន CNCC បញ្ជាក់ថា «ដោយយោងតាមការស្នើសុំរបស់ក្លិបបាល់ទាត់វិសាខា ដោយត្រូវយកសំណាកលើកទី២ នៅថ្ងៃ២២ ខែមីនា ឆ្នាំ២០២១ ដូច្នេះគណ:កម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ឯកភាពតាមសំណើ និងសម្រេចកែសម្រួលកាលបរិច្ឆេទប្រកួតសប្ដាហ៍ទី៣ រវាងក្លិបវិសាខា និងស្វាយរៀង ទៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ វិញនៅកីឡដ្ឋានព្រីនស៍ វេលាម៉ោង ៦ល្ងាចដដែល»។
នេះគឺជាប្រកួតទី២ ហើយដែលវិសាខា បានស្នើលើកការប្រកួត បន្ទាប់ពីស្នើលើកការប្រកួតសប្ដាហ៍ទី២ ជាមួយក្រុមអគ្គិសនីកម្ពុជា ដែលលើកទៅប្រកួតនាថ្ងៃទី២០ ខែមេសា ក្រោយប្រកួតបើករដូវកាលថ្មី ស្មើក្រុមភ្ញៀវកងយោធពលខេមរភូមិន្ទ ០-០ កាលពីថ្ងៃទី០៧ ខែមីនាកន្លងទៅ។ ការលើកពេលម្ដងហើយម្ដងទៀតនេះ ក៏ព្រោះវិសាខា ពិសេសកីឡដ្ឋានព្រីនស៍របស់ខ្លួន ធ្លាប់ពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ-១៩ ដែលនាំឲ្យមានការធ្វើតេស្ដសំណាកបុគ្គលិក និងកីឡាករសរុប ១៦៦នាក់ ខណៈតេស្ដលើកទី១ គឺអវិជ្ជមានទាំងអស់។
ដោយឡែកក្រុមព្រះខ័នរាជស្វាយរៀងវិញ មកទល់ពេលនេះ ទើបបញ្ចប់ការប្រកួត ១ប្រកួតប៉ុណ្ណោះ ដោយប្រកួតដំបូងរបស់ខ្លួន បានយកឈ្នះក្រុមភ្ញៀវអគ្គិសនីកម្ពុជា ៦-១ កាលពីចុងសប្ដាហ៍កន្លងទៅ មុនការប្រកួតទី២ របស់ក្រុមជើងឯករងឆ្នាំចាស់ ជាមួយក្រុមវិសាខា ត្រូវបានប្រកាសលើកពេល៕