(ហ្វាំងឡង់)៖ ក្រុមហ៊ុនទូរគមនាគមន៍របស់ហ្វាំងឡង់ Nokia បានប្រាប់ឲ្យដឹងនៅថ្ងៃអង្គារនេះថា ខ្លួនមានគម្រោងកាត់បន្ថយការងារ រហូតដល់១០,០០០កន្លែង ក្នុងរយៈពេល២ឆ្នាំខាងមុខ ដើម្បីកាត់បន្ថយចំណាយ និងវិនិយោគបន្ថែម លើសមត្ថភាពស្រាវជ្រាវ ដែលជាផ្នែកមួយ នៃផែនការរៀបចំរចនាសម្ព័ន្ធរបស់ខ្លួនឡើងវិញ, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ។
បន្ទាប់ពីចូលកាន់តំណែងកំពូលកាលពីឆ្នាំមុន, លោក Pekka Lundmark ប្រធានប្រតិបត្តិក្រុមហ៊ុន Nokia បាននឹងកំពុងធ្វើការផ្លាស់ប្តូរ ក្នុងការប្រែក្លាយក្រុមហ៊ុនឲ្យកាន់តែល្អ ដើម្បីប្រកួតប្រជែង ជាមួយគូប្រជែងគឺក្រុមហ៊ុន Ericsson។
លោកបានប្រកាសនូវយុទ្ធសាស្ត្រថ្មីមួយ កាលពីខែតុលា ឆ្នាំមុន ដែលស្ថិតក្រោម Nokia នឹងមានក្រុមហ៊ុនអាជីវកម្មចំនួន៤ ហើយលោកថា ក្រុមហ៊ុននឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីឈានមុខគេ នៅក្នុងប្រព័ន្ធ 5G។
ក្រុមហ៊ុន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនរំពឹងថា នឹងនៅសល់ប្រាក់ប្រមាណ៦០០លានអឺរ៉ូ (៧១៥លានដុល្លារអាមេរិក) ដល់៧០០លានអឺរ៉ូ នៃការផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញ និងបន្ទុកដែលពាក់ព័ន្ធ នៅត្រឹមឆ្នាំ២០២៣៕