(ភ្នំពេញ)៖ ក្រោយចែកផ្លូវជាមួយក្លិបព្រះខ័នរាជស្វាយរៀង ខ្សែការពារសញ្ជាតិអាមេរិក Jonny Campbell បានរកឃើញទ្រនំថ្មី ដើម្បីបន្ដអាជីពនារដូវកាលថ្មី ឆ្នាំ២០២១ នេះហើយ គឺក្លិប United City FC ក្រុមជើងឯក ៤សម័យនៃក្របខណ្ឌលីគកំពូលប្រទេសហ្វីលីពីន។ នេះបើយោងតាមការប្រកាសរបស់ក្លិប និងសាមីខ្លួនផ្ទាល់កាលពីម្សិលមិញ។

Jonny Campbell បានសម្ដែងនូវសេចក្ដីរីករាយជាខ្លាំង ក្រោយបានចូលរួមជាមួយក្រុមខ្លាំងមួយនៅតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីខ្លួនបានចំណាយពេលអស់ ៣រដូវកាលជាមួយក្លិបក្របខណ្ឌលីគកំពូលកម្ពុជា។ អ្វីដែលពិសេស គឺខ្សែការពារវ័យ ២៩ឆ្នាំរូបនេះ រីករាយចំពោះឱកាសបានលេងពាន AFC Champions League ជាមួយក្រុមថ្មីរបស់ខ្លួនតែម្ដង។

អតីតសមាជិកក្រុមភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀងខាងលើបានបញ្ជាក់លើបណ្ដាញសង្គមរបស់ខ្លួនថា «ពិតជារីករាយខ្លាំងណាស់ សម្រាប់ការប្រកាសថា ខ្ញុំបានចុះកិច្ចសន្យារួចរាល់ជាមួយក្លិប United City FC នៅប្រទេសហ្វីលីពីន។ ខ្ញុំពិតជាទន្ទឹងរង់ចាំជួបក្រុមគ្រួសារបាល់ទាត់ថ្មីរបស់ខ្ញុំ និងការប្រកួតប្រជែងដ៏រំភើបជាច្រើននាពេលខាងមុខ គឺការប្រកួត AFC Champions League និងលីគបាល់ទាត់ហ្វីលីពីន»

ពាក់ព័ន្ធនឹងកិច្ចសន្យាថ្មីរបស់កីឡាករ Jonny Campbell នេះដែរ ក៏បានធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលផងដែរ ដ្បិតកាលពីពេលថ្មីៗ ក្លិបស្វាយរៀង ដែលជាទ្រនំចាស់របស់ខ្សែការពារសញ្ជាតិអាមេរិករូបនេះ ក៏ទើបប្រកាសនាំចូលខ្សែប្រយុទ្ធសញ្ជាតិសេណេហ្គាល់ Robert Lopez Mendy ដែលផ្ទេរមកពីក្លិបជើងឯកលីគកំពូលហ្វីលីពីន United City FC ឬអតីតក្រុមឈ្មោះ Ceres-Negros នេះផងដែរ។

គួរបញ្ជាក់ថា Jonny Campbell បានចាកចេញពីស្រុកកំណើត មកប្រកបអាជីពនៅអាស៊ីដំបូង ដោយចូលរួមជាមួយក្រុមសិង្ហក្រហមភ្នំពេញក្រោន កាលពីឆ្នាំ២០១៨ តែមិនសូវកាក់កបនោះទេ មុនផ្ទេរទៅលេងឲ្យក្លិបព្រះខ័នរាជស្វាយរៀង ដោយជួយក្រុមជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០១៩ និងឈ្នះជើងឯករងលីគ ឆ្នាំ២០២០ ព្រមទាំងបានលេងវគ្គជម្រុះពានរង្វាន់ AFC Cup ទៀតផង មុនឈានដល់ការចែកផ្លូវគ្នា កាលពីចុងរដូវកាលកន្លងទៅ៕