(ប៉េកាំង)៖ បណ្តាញសង្គមយក្ស Facebook កំពុងត្រៀមដាក់ឲ្យប្រើប្រាស់នូវមុខងារថ្មីមួយទៀត ក្នុងពេលឆាប់ៗនេះ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក ដែលនឹងអនុញ្ញាតឲ្យក្រុមអ្នកសរសេរព័ត៌មាន និងផលិតព័ត៌មានឯករាជ្យ អាចរកប្រាក់ចំណូលបាន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២១។

មុខងារថ្មីនេះគឺនឹងអនុញ្ញាតឲ្យអ្នកនិពន្ធ និងអ្នកសារព័ត៌មានឯករាជ្យ ធ្វើការផ្ញើអត្ថបទព័ត៌មានរបស់គេជាលក្ខណ:ព្រឹត្តិប័ត្រព័ត៌មាន (newsletter) តាមរយៈអ៊ីម៉ែលទៅកាន់មិត្តអ្នកអានរបស់ពួកគេ ដែលបានចុះឈ្មោះ ឬសម្រាប់អ្នកដែលនិយមអានអត្ថបទវិភាគបែបឯករាជ្យ។ វិធីសាស្ត្រនេះគឺអាចធ្វើឲ្យអ្នកដែលមិនមានពេលគ្រប់គ្រាន់ ឬអ្នកដែលមិនចូលចិត្តអានអត្ថបទ ដែលមានផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម អាចចុះឈ្មោះបាន ជាពិសេសគឺពួកគាត់ទទួលអត្ថបទពីអ្នកនិពន្ធដែលមានបទពិសោធន៍ ហើយអ្នកនិពន្ធក៏រកចំណូលបានតាមរយៈការចុះឈ្មោះនេះផងដែរ។

តាមពិតទៅការប្រកួតប្រជែងទីផ្សារលើមុខងាររកលុយតាមវិធីនេះគឺកំពុងតែមានការផ្ទុះខ្លាំងរួចទៅហើយដូចជានៅ Substack, Medium និង Twitter ជាដើម
ដែលវាបានប្រើប្រាស់មុខងារអនុញ្ញាតិឲ្យអ្នកផលិតឬបង្ហោះមតិកាថ្មីអាចស្វែងរកវិធីមួយចំនួនដែលអាចរកចំណូលនិងក៏ដូចជាការ ចុះឈ្មោះដោយមិនគិតថ្លៃដើម្បីទទួលបានព្រឹត្តិប័ត្រព័ត៌មានផងដែរ។

បណ្ដាញទំនាក់ទំនងសង្គមធំជាងគេមួយនេះ បានសម្រេចចិត្តក្នុងការវិនិយោគនូវកញ្ចប់ប្រាក់រហូតទៅដល់ ១ពាន់លានដុល្លារ ដើម្បីស្វែងរកវិធីសាស្ត្រថ្មី ក្នុងការអភិវឌ្ឍន៍លើឧស្សាហកម្ម ខណៈដែលថ្មីៗនេះ រដ្ឋាភិបាលអូស្ត្រាលី ចេញច្បាប់ថ្មី តម្រូវឲ្យ Facebook និង Google បង់ប្រាក់សម្រាប់ទទួលសិទ្ធិក្នុងការប្រើប្រាស់មាតិកាព័ត៌មានរបស់បណ្តាញសារព័ត៌មានក្នុងស្រុក៕