(អាមេរិក)៖ តារាចម្រៀងមាឌល្អិតល្បីឈ្មោះបោះសំឡេងរបស់អាមេរិក Ariana Grand បានដោះស្រាយបណ្តឹងមួយ ដែលចោទប្រកាន់នាងថា បានលួចចំឡងស្នាដៃចម្រៀងរបស់ Josh Stone ទៅដាក់ក្នុងបទល្បីរបស់នាងចំណងជើងថា «7 Riings» ខណៈបទនេះ បច្ចុប្បន្នមានចំនួនអ្នកចូលទស្សនារហូតដល់ទៅជាង ៩៥៤លានដងឯណោះ ក្នុង YouTube បន្ទាប់ពីវាត្រូវបានបញ្ចេញជាផ្លូវការកាលពី២ឆ្នាំមុន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១។
ក្នុងសំណុំឯកសារមួយ ដែលត្រូវបានដាក់ទៅកាន់តុលាការនៅតំបន់ Mantattan នៅថ្ងៃអង្គារសប្តាហ៍នេះ បានបង្ហាញថា តារាចម្រៀងប្រុសលោក Josh Stone ហៅ DOT ដែលជាអ្នកដាក់ពាក្យបណ្តឹង បានបង្ហាញពីដំណោះស្រាយ រវាងលោកជាមួយ Ariana Grand និងចុងចោទ ១៣នាក់ផ្សេងទៀត រួមទាំងអ្នកបង្ហោះរបស់ Ariana Grand និងអ្នកសរសេរចម្រៀងពីរបីនាក់ទៀតរបស់នាងផងដែរ។
ទន្ទឹមគ្នានេះ ចំពោះលក្ខខណ្ឌនៃដំណោះស្រាយនោះ មិនត្រូវបានបញ្ចេញនោះទេ ខណៈចៅក្រមម្នាក់បានបញ្ជាឲ្យរំសាយចោលនូវរឿងក្តីរបស់ Stone ដោយសារតែពួកគេបានព្រមព្រៀងគ្នារួចហើយ។ ជុំវិញករណីនេះ មេធាវីរបស់ភាគីទាំងពីរ មិនមានការអត្ថាធិប្បាយអ្វីឡើយ ត្បិតមានការចង់ដឹងពីអ្នកគាំទ្រក្តី។
គួរជម្រាបថា ដំបូងឡើយតារាចម្រៀង ប្រុសលោក Stone បានអះអាងថា ដោយផ្អែកលើអ្នកជំនាញផ្នែកតន្ត្រី និងផ្អែកទៅលើការពិនិត beat, hook និង Lyrics នៃបទចម្រៀង «7 Rings» របស់ Ariana Grand គឺយកចេញពីបទចម្រៀងរបស់លោក ដែលមានចំណងជើងថា «You Need It, I Got It»។
បទចម្រៀង «7 Rings» របស់ Ariana Grand គឺមានភាពល្បីល្បាញយ៉ាងខ្លាំង ខណៈវាត្រូវបានគេដឹងថា បានចំណាយពេល៨សប្តាហ៍ជាប់ៗគ្នាឯណោះ ក្នុងការឈរនៅលើកំពូលតារាង Billoard Hot 100 របស់អាមេរិក ខណៈបច្ចុប្បន្នមានអ្នកចូលទស្សនា និងស្តាប់ជាង ៩៥៤លានដង ក្នុងបណ្តាញសង្គម YouTube៕