(ម៉ិចស៊ិកូ)៖ លោក Gerardo Martino ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិម៉ិចស៊ិក (Mexico) បានកោះហៅកីឡាករដែលកំពុងប្រកបអាជីពនៅតំបន់អឺរ៉ុប មានដល់ទៅ ៩នាក់មកចូលរួមជាមួយក្រុម ដើម្បីត្រៀមប្រជែងនៃការប្រកួតមិត្តភាពអន្តរជាតិទល់នឹងវ៉េល និងកូស្តារីកា នៅចុងខែមីនា ឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយដោយព័ត៌មានស៊ិនហួ នាថ្ងៃទី១៧ ខែមីនានេះ។
ក្នុងចំណោមសមាជិកទាំង ២៦នាក់នៃក្រុមជម្រើសជាតិមិចស៊ិក ក្នុងនោះមាន ៩នាក់រួមមាន Diego Lainez មកពីក្រុម Real Betis រួមជាមួយមិត្ត Anders Guardado ខ្សែប្រយុទ្ធក្រុម Napoli កីឡាករ Hirving Lozano និងមាន Jesus Corona មកពីក្លិប FC Porto ហើយ Hector Herrera របស់ Atletico Madrid នៅប្រទេសអេស្ប៉ាញ។
សហព័ន្ធបាល់ទាត់មិចស៊ិកក៏បានបន្តកោះហៅកីឡាករខ្សែការពារកណ្តាល Edson Alvarez, Nestor Racing, Gerardo Arteago រួមជាមួយ Erick Gutierrez ដែលការកោះហៅនេះ ត្រូវបានលោក Martino លើកឡើងថា «ជាការត្រៀមខ្លួនក្នុងការប្រជែងពាន CONCACAF Gold Cup 2021 នៅអំឡុងខែកក្កដា និងឈានទៅប្រជែងវគ្គជម្រុះស្វែងរកកៅអីឡើងទៅលេងពាន FIFA World Cup Qatar 2022 នៅខែកញ្ញាប្រចាំតំបន់ថែមទៀតផង៕