(ប៉េកាំង)៖ កម្មវិធីកម្សាន្តជាវីដេអូដែលកំពុងតែល្បីល្បាញខ្លាំង TikTok ត្រូវបានគេរាយការណ៍មកថា គ្រោងនឹងដាក់ ឱ្យប្រើប្រាស់មុខងារ Group Chat នៅក្នុងឆ្នាំនេះ ដើម្បីបង្កើននូវប្រជាប្រិយភាព និងបង្កើតភាពទាក់ទាញដល់អ្នកប្រើប្រាស់។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១។
ប្រភពដែលជិតស្និទ្ធបានបង្ហើបឱ្យដឹងថា ការបន្ថែមមុខងារថ្មីនេះ ត្រូវបានកម្មវិធីដែលជារបស់ចិនមួយនេះ បានអះអាងថា គឺជាការប្រកួតប្រជែងដោយផ្ទាល់តែម្ដងជាមួយ នឹងបណ្ដាញសង្គម Facebook ខណៈដែលកន្លងមក Facebook បានបង្កើត និងដាក់ឱ្យប្រើ ប្រាស់មុខងារថ្មីមួយដូចគ្នាទៅនឹង TikTok ចូលក្នុងបណ្ដាញសង្គម Instagram ដែលជាបុត្រសម្ព័ន្ធរបស់ខ្លួន។
បើតាមការចេញផ្សាយរបស់ Reuters បានឱ្យដឹងថា មុខងារថ្មីនេះ ត្រូវបានក្រុមហ៊ុន ByteDance ដែលជាមេធំរបស់ TikTok បានហៅថា «កម្មវិធីអន្តរកម្មសង្គម» ដែលជាផ្នែកមួយនៃគម្រោងរបស់ ByteDance បានធ្វើឡើងតាំងពីឆ្នាំ២០១៩ សម្រាប់ TikTok ក្នុងប្រទេសចិន។
ការបង្កើតមុខងារ Group Chat នឹងធ្វើឱ្យអ្នកប្រើប្រាស់កាន់តែចាប់អារម្មណ៍ថែមមួយកម្រិតទៀត ព្រោះថា នៅក្នុងនោះអ្នកប្រើប្រាស់អាច ធ្វើការ Livestreaming និងលក់ទំនិញជាលក្ខណៈ e-commerce ហើយវាក៏ជាឱកាសល្អសម្រាប់ Influencers ក្នុងការបង្កើនប្រាក់ ចំណូល បន្ថែមទៀត៕