(ភ្នំពេញ)៖ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា វី ឌីណែត ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ នៅសណ្ឋាគារ Great Duke នោះបានប្រកាសថា នៅពេលនេះប្អូនស្រីពៅរបស់នាង ទទួលបានលទ្ធផលវិជ្ជមានចំពោះជំងឺកូវីដ-១៩ ខណៈម្តាយរបស់នាងដែលបានឆ្លងជំងឺកូវីដ-១៩ នេះ គឺកំពុងធ្វើទុក្ខខ្លាំង ត្រូវបញ្ចូនទៅសង្គ្រោះបន្ទាន់ ដែលធ្វើឲ្យនាងមានការព្រួយបារម្ភយ៉ាងខ្លាំង។

កញ្ញា វី ឌីណែត បានសរសេរនៅលើផេកផ្លូវការរបស់ខ្លួនថា «នាងខ្ញុំពេលនេះបានធូរស្បើយច្រើនហើយ អរគុណបងប្អូនទាំងអស់ដែលបានបារម្ភសួរនាំ។ អ្វីដែលពិបាកគឺការពិសារបាយ ជំងឺនេះគឺធ្វើឲ្យយើងខ្ពើមបាយ។ ដល់ម៉ោងញ៉ាំបាយម្ដងៗ ខ្ញុំត្រូវញ៉ាំទាំងទឹកភ្នែកក៏មាន ខំបន្លប់អារម្មណ៍ខ្លួនឯងថាឆ្ងាញ់ណាស់ ខំបន្លប់រាំផងអីផង ព្រោះខ្ញុំត្រូវតែញ៉ាំទោះជាលេបពិបាកយ៉ាងក៏ដោយ ដើម្បីទប់ទល់ជំងឺនឹងថ្នាំ»

តារាចម្រៀងស្រីរូបនេះ បានបន្ថែមថា «អ្វីដែលគួរបារម្ភនៅពេលនេះ គឺប្អូនស្រីពៅខ្ញុំក៏វិជ្ជមានកូវីដ-១៩ដែរ ហើយគ្នានៅពេទ្យម្នាក់ឯងទៀតមិនដឹងម៉េចម៉ាទេ។ ហើយអ្វីដែលកាន់តែគួរឲ្យបារម្ភ គឺម៉ាក់របស់ខ្ញុំពេលនេះ គាត់ធ្វើទុក្ខខ្លាំងណាស់ ហើយពេលនេះគេបានប្ដូរគាត់ទៅសង្រ្គោះបន្ទាន់ហើយ។ សូមទេវតាតាមថែរក្សាពួកគាត់ផង ហើយក៏សូមអរគុណដល់បងបងក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់ព្យាបាលពួកគាត់ក៏ដូចជាខ្ញុំសូមកំលាំងចិត្តឲ្យម៉ាក់ខ្ញុំផង»។

គួរជម្រាបថា តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស និងជាម្ចាស់ពានកម្មវិធីប្រឡងចម្រៀង «I Am a Singer Cambodia» រដូវកាលទី២ កញ្ញាវី ឌីណែត ត្រូវបានរកឃើញថា មានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ខណៈម្តាយរបស់នាង លោកស្រី នួន សុផាន្នី ក៏បានឆ្លងកូវីដ-១៩ ដែរ ហើយពេលនេះគឺប្អូនស្រីពៅរបស់នាង ក៏បានប្រកាសថា បានឆ្លងកូវីដ-១៩ ដែរ។ ដោយឡែកសម្រាប់ ឪពុករបស់នាង គឺលោក ហួរ ឡាវី វិញ សម្រាប់លទ្ធផលធ្វើតេស្តលើកទី១ បានបង្ហាញថា មិនមានជំងឺកូវីដ-១៩ នោះទេ៕