(តូក្យូ)៖ រដ្ឋាភិបាលជប៉ុន បានឲ្យដឹងនៅថ្ងៃពុធនេះថា ខ្លួននឹងស៊ើបអង្កេតទៅលើកម្មវិធីផ្ញើសារ Line បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយជប៉ុន បានចុះផ្សាយថា Line, ដែលគ្រប់គ្រងដោយក្រុមហ៊ុន Z Holdings Corp ស្ថិតក្រោមក្រុមហ៊ុន SoftBank Corp នោះ, បានអនុញ្ញាតឲ្យក្រុមវិស្វករជនជាតិចិន នៅទីក្រុងសៀងហៃ ចូលទៅកាន់ទិន្នន័យរបស់អ្នកប្រើប្រាស់ជនជាតិជប៉ុន ដោយមិនបានប្រាប់ទៅកាន់ពួកគេ, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ។

ស្ថិតក្រោមបទប្បញ្ញត្តិឯកជនភាពរបស់ជប៉ុន, ក្រុមហ៊ុនត្រូវប្រាប់ទៅកាន់អ្នកប្រើប្រាស់ឲ្យបានដឹង នៅពេលដែលទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេ ត្រូវបញ្ជូនទៅក្រៅប្រទេស, នេះបើយោងតាមសារព័ត៌មាន NHK និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតក្នុងតំបន់បានចេញផ្សាយដូច្នេះ។

«យើងមិនទាន់អាចនិយាយបាននៅឡើយនោះទេ ថាតើ Line បានបំពានលើបទប្បញ្ញត្តិឬអត់នោះ, ហើយយើងកំពុងធ្វើការស៊ើបអង្កេត ដើម្បីស្វែងរកការពិត», នេះបើតាមមន្ត្រីរដ្ឋាភិបាលមួយរូប ទទួលបន្ទុកត្រួតត្រាបទប្បញ្ញត្តិឯកជនភាព បានប្រាប់សារព័ត៌មាន Reuters។ លោកបន្ថែមថា ប្រសិនបើ Line ត្រូវបានគេរកឃើញថា បានធ្វើសកម្មភាពមិនត្រឹមត្រូវនោះ ការិយាល័យគណៈរដ្ឋមន្ត្រី អាចដឹកនាំក្រុមហ៊ុនដើម្បីកែប្រែឲ្យប្រសើរឡើង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានផ្សព្វផ្សាយ នៅលើគេហទំព័ររបស់ខ្លួន, ក្រុមហ៊ុន Line បានសុំទោសចំពោះការធ្វើឲ្យមានការព្រួយបារម្ភ និងមិនមានការពន្យល់គ្រប់គ្រាន់ អំពីគោលនយោបាយ ទាក់ទងនឹងការគ្រប់គ្រងទិន្នន័យ ដល់អ្នកប្រើប្រាស់ឡើយ។

គួររំលឹកថា វិស្វករចំនួន៤នាក់ របស់ក្រុមហ៊ុន នៅប្រទេសចិន, ដែលទទួលបន្ទុកថែទាំកម្មវិធី Line, ត្រូវបានគេអនុញ្ញាតឲ្យចូលទៅកាន់កន្លែងផ្ទុកទិន្នន័យ (Server) នៅជប៉ុន ចាប់ពីឆ្នាំ២០១៨ ដែលមានផ្ទុកទៅដោយឈ្មោះ, លេខទូរស័ព្ទ និងអ៉ីម៉ែលរបស់អ្នកប្រើប្រាស់៕

សូមជម្រាបដែរថា បច្ចុប្បន្ន Line មានអ្នកប្រើប្រាស់១៨៦លាននាក់ នៅទូទាំងពិភពលោក៕