(ក្រុងឡុងដ៍)៖ តោខៀវ Chelsea និងក្រុមការពារតំណែងជើងឯក Bayern Munich បានក្លាយជាក្រុមចុងក្រោយគេ ក្នុងការឡើងទៅបង្រ្គប់កៅអីវគ្គ ៨ក្រុម UEFA Champions League នៅពេលបន្តយកឈ្នះគូប្រជែង Lazio និង Atletico Madrid ក្នុងជើងទី២ ទៀត។
Bayern Munich របស់អាល្លឺម៉ង់ដែលជាជើងឯក UCL ឆ្នាំ២០២០ បានបន្តយកឈ្នះក្រុមមកពីអ៉ីតាលី Lazio ២-១ នៅកីឡដ្ឋាន Allianz Arena បន្ថែមលើជ័យជម្នះ ៤-១ ដើម្បីទៅចូលរួមជាមួយ Borussia Dortmund ក្នុងវគ្គ ១/៤ ដែលពួកគេ (Dortmund) បានទម្លាក់ Sevilla កាលពីក្នុងវគ្គ ១៦ក្រុម ស្រណោះតែ RB Leipzig ដែលជ្រុះចេញក្រោមថ្វីជើងរបស់ហង្សក្រហម Liverpool។
ចំណែកឯតោខៀវ Chelsea វិញ បានឡើងទៅវគ្គ ៨ក្រុមចុងក្រោយជាលើកដំបូង ក្នុងរយៈពេល ៧ឆ្នាំមកនេះ ដ្បិតពួកគេបានយកឈ្នះ Atletico Madrid របស់អេស្ប៉ាញ ២-០ ថែមទៀតក្នុងជើងទី២ បន្ថែមលើជ័យជម្នះ ១-០ កាលពីជើងទី១ នៅទឹកដីនៃប្រទេសរ៉ូម៉ានី ដោយសារភ័យខ្លាចនៃជំងឺ Covid-19 ដែលអង់គ្លេសកំពុងរីករាលខ្លាំងនៃមេរោគបំលែងថ្មីផងនោះ។
វគ្គ ៨ក្រុមត្រូវរកឃើញអស់ហើយរួមមាន FC Porot របស់ព័រទុយហ្គាល់ Liverpool, Manchester City និង Chelsea របស់អង់គ្លេស Paris Saint-Germain របស់បារាំង Borussia Dortmund និង Bayern Munich របស់អាល្លឹម៉ង់ និង Real Madrid របស់អេស្ប៉ាញ រង់ចាំការចាំឆ្នោតជ្រើសរើសគូប្រកួតជាបន្តទៀតដែលនឹងធ្វើឡើងនៅថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១៕