(ភ្នំពេញ)៖ នៅទីបំផុត តារាចម្រៀងចាស់វស្សារបស់ផលិតកម្មរស្មីហង្សមាស លោក ឆន សុវណ្ណារាជ បានប្រកាសថា លោកបានឆ្លងផុតការឆ្លងជំងឺដ៏កាចសាហាវ កូវីដ-១៩ នេះហេីយ បន្ទាប់ពីលទ្ធផលធ្វេីតេស្តសំណាកលេីកទី៣ បង្ហាញថា «អវិជ្ជមានកូវីដ-១៩ »

តាមរយៈ ផេកហ្វេសប៊ុកផ្លូវការលោក ឆន សុវណ្ណារាជ បានសរសេរសារទៅកាន់មហាជនថា «ទឹកដោះម្តាយថ្លៃ។ អរគុណគុណបុណ្យ និងបារមីវត្ថុស័ក្តិសិទ្ធិតាមថែរក្សាកូនចៅ លទ្ធផលធ្វើតេសលើកទី៣ ចុងក្រោយរបស់ខ្ញុំនោះគឺ អវិជ្ជមាន «Negative» បញ្ជាក់ថា ខ្ញុំមិនមានមេរោគកូវិដ១៩នោះទេ ខ្ញុំឆ្លងផុតហើយ»

តារាចម្រៀងប្រុសម្ចាស់បទ «ទីក្រុងគ្មានមេឃ» រូបនេះបានបន្តថា «អរគុណណាស់សំរាប់ការជូនពរពីបងប្អូនទាំងអស់គ្នាខ្លាំងណាស់ តែខ្ញុំបាទនៅតែបន្តធ្វើចត្តាឡីស័កឲ្យគ្រប់ចំនួន១៤ថ្ងៃដដែល សូមមេត្តាការពារដោយប្រុងប្រយ័ត្នបំផុតទាំងអស់គ្នាណា តាមការណែនាំរបស់សម្តេចពុក ៣កុំ ៣ការពារ»

គួរជម្រាបថា តារាចម្រៀង ឆន សុវណ្ណារាជ ទោះទទួលលទ្ធផលថា មិនមានជំងឺកូវីដ-១៩ ក្តី តែលោកនៅតែបន្តគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ បន្តថែរក្សាសុខភាព និងអនុវត្តន៍តាមការណែនាំរបស់ថ្នាក់ដឹកនាំ ដេីម្បីជៀសផុតពីជំងឺដ៏កាចសាហាវកូវីដ-១៩នេះ៕