(ភ្នំពេញ)៖ ការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា សប្ដាហ៍ទី៣ ដែលគ្រោងប្រកួតនាចុងសប្ដាហ៍នេះ ត្រូវបានផ្លាស់ប្ដូរកាលវិភាគប្រកួតថ្មី ដោយពន្យារទៅប្រកួតនាថ្ងៃទី២៣-២៤ ខែមីនាវិញ បន្ទាប់ពីកីឡាករក្រុមជម្រើសជាតិកម្ពុជាបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ កាលពីថ្មីៗ។

តាមការបញ្ជាក់របស់មន្ដ្រីគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា-CNCC ការពន្យារពេលនេះ ដោយសារកីឡាករត្រូវសម្រាក បន្ទាប់ពីទទួលការចាក់វ៉ាក់សាំងលើកទី១ ដែលទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាតាមការស្នើសុំរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) កាលពីថ្ងៃទី១៥ ខែមីនាកន្លងទៅ។

ដោយឡែកការចាក់វ៉ាក់សាំងលើកទី២ ដល់ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា គ្រោងនឹងធ្វើឡើង នាថ្ងៃទី២៩ ខែមីនាខាងមុខ។ ដូច្នេះដោយក្រោយចាក់លើកទី១ និងលើកទី២ កីឡាករត្រូវសម្រាកនោះ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ក៏សម្រេចធ្វើការកែប្រែកម្មវិធីប្រកួតមួយចំនួន ជាក់ស្ដែងការប្រកួតចុងសប្ដាហ៍នេះ ដែលត្រូវបានពន្យារពេលទៅប្រកួតនាដើមសប្ដាហ៍ក្រោយវិញជាដើម។

ចំពោះកម្មវិធីប្រកួតលីគ សប្ដាហ៍ទី៣ នាថ្ងៃទី២៣-មីនា រួមមានក្រុមសូលទីឡូអង្គរ ជួបគិរីវង់ នៅកីឡដ្ឋាន SRU ខេត្តសៀមរាប និងភ្នំពេញក្រោន បើកទ្វារផ្ទះទទួលខេត្តព្រៃវែង។ លើកលែងតែក្រុមវិសាខា ប៉ះព្រះខ័នរាជស្វាយរៀង ដែលគ្រោងប្រកួតនៅថ្ងៃជាមួយគ្នា ត្រូវបានលើកពេល ទៅប្រកួតនាថ្ងៃទី៥ ខែឧសភាវិញ ក្រោយមានការស្នើសុំពីវិសាខា ដែលត្រូវធ្វើតេស្ដសំណាកបុគ្គលិក និងកីឡាករលើកទី២ នាថ្ងៃទី២២ ខែមីនា។

ដោយឡែកការប្រកួតនៅថ្ងៃទី២៤-មីនា គឺក្រុមនគរបាលជាតិ ជួបក្រុមណាហ្គាវើលដ៏ នៅកីឡដ្ឋានអគ្គិសនីកម្ពុជា ខណៈ អាស៊ីអឺរ៉ុប បើកទ្វារផ្ទះទទួលក្រុមកងយោធពលខេមរភូមិន្ទ និងក្រុមអង្គរថាយហ្គឺរ ជួបក្រុមការពារជើងឯកបឹងកេត នៅកីឡដ្ឋាន SRU ខេត្តសៀមរាប៕