(មីឡេន)៖ កីឡាករខ្សែបម្រើប្រយុទ្ធ Paul Pogba និង David De Gea មានភាគរយខ្ពស់ក្នុងការជួយក្រុម Manchester United ប្រកួតបញ្ចប់ជើងទី២ ទល់នឹងម្ចាស់ផ្ទះ AC Milan វគ្ក ១៦ក្រុមចុងក្រោយនៃពានអឺរ៉ុប UEFA Europa League ក្រោយបញ្ហារបួសរបស់ពួកគេមានភាពធូរស្បើយច្រើន។

Pogba នឹងបង្ហាញខ្លួនជាលើកដំបូងក្នុងក្រុមវិញ គិតចាប់តាំងពីបានរងរបួសភ្លៅក្នុងប្រកួតទល់នឹង Everton នាថ្ងៃទី០៦ ខែកុម្ភៈមក គ្រាដែលមិត្តរួមក្រុម កីឡាករចាំទី David De Gea ក៏បានចាកចេញពីទឹកដីអេស្ប៉ាញដើម្បីបានទៅចួលរួមជាមួយក្រុមនៅប្រទេសអ៉ីតាលីនារាត្រីនេះវិញដែរ។

កីឡាករអន្តរជាតិបារាំង Paul Pogba ពុំទាន់បានលេងប្រកួតណាមួយនៅ Europa League សម្រាប់បិសាចក្រហមនារដូវកាលនេះឡើយ ដោយសារញាំញីដោយបញ្ហារបួសជាញឹកញាប់ តែខ្សែបម្រើដែលនាំចូលពីក្លិបសេះបង្កង់ Juventus មួយនេះធ្លាប់ជួយ Man Utd ឈ្នះជើងឯកពានខាងលើនេះម្តងមកហើយកាលឆ្នាំ២០១៧។

ការវិលមកវិញរបស់ Pogba និង De Gea ក្រុមរបស់លោក Ole Gunnar Solskjaer ក៏អវត្តមានកីឡាករ Edinson Cavani, Eric Bailly និង Anthony Martial ដោយសាររបួស នៅពេលដែលតារាជើងស៊ុត Zlatan Ibrahimovic អាចជួយម្ចាស់ផ្ទះ AC Milan វិញបាន ក្រោយពេលខកខានកាលជើងទី១ ដែលបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ នៅទឹកដី Old Trafford ដោសសារបញ្ហារបួសភ្លៅ៕